ភ្នំពេញ ៖ប្រធានផ្នែកសេដ្ឋកិច្ចសាកល នៃក្រសួងការបរទេសអង់គ្លេស បានអញ្ជើញសម្តេចក្រឡាហោម ស ខេង ចូលរួមក្នុងសន្និសីទ លើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ដែលធ្វើឡើងនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដើម្បីចែករំលែកបទពិសោធន៍ ទាំងក្នុងកិច្ចការច្បាប់ និងកិច្ចការសហប្រតិបត្តិការ ដែលកម្ពុជាមានជាមួយដៃគូរផ្សេងៗ។ មិនតែប៉ុណ្ណោះលោក Sam Myers ក៏ស្វែងយល់ផងដែរ ពីនីតិវិធីនៃការបង្ការបង្ក្រាប និងការបំផ្លាញចោល នូវផលសត្វព្រៃដែលបង្ក្រាបបាន ជាពិសេសការបំផ្លាញចោល នូវភ្លុកដំរីដឹក ពីទ្វីបអាហ្វ្រិក ដែលភាគីកម្ពុជា ចាប់បានកន្លងមក ។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោក Sam Meyers ប្រធានផ្នែកសេដ្ឋកិច្ចសាកល នៃក្រសួងការបរទេសអង់គ្លេស បានលើកឡើងថា រដ្ឋាភិបាលអង់គ្លេស នឹងបើកសន្និសីទដ៏ធំមួយ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរ សត្វព្រៃខុសច្បាប់ នាពេលខាងមុខនេះ ហើយនៅក្នុងសន្និសីទនេះ លោកបានស្នើឲ្យ សម្តេចក្រឡាហោម ស ខេង ជួយផ្តល់បទពិសោធន៍ផ្សេង នៃការទប់ស្កាត់ការជួញដូរសត្វព្រៃនេះ ។
លោក Sam Meyers បានបន្តថា សន្និសីទនេះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន ទៅកាន់ពិភពលោកក្នុងការទប់ស្កាត់ និងប្រឆាំងការជួញដូរសត្វព្រៃនេះ ។
លោក Sam Meyers បានលើកឡើងថា គោលបំណងធំនៃសន្និសីទនេះ គឺចង់ឲ្យភាគីកម្ពុជាចូលរួមនៅក្នុងសន្និសីទនោះ គឺដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាដែលមានកន្លងមកទាំងលើការងារច្បាប់ និងកិច្ចសហប្រតិបត្តិការដែលកម្ពុជាមានជាមួយដៃគូផ្សេងៗក្នុងការងារប្រយុទ្ធប្រឆាំងនៃការជួញដូរសត្វព្រៃខុសច្បាប់នេះ ហើយនិងចង់ដឹងអំពីការអនុវត្តផ្សេងៗ ប្រកបដោយជោគជ័យរបស់ភាគីកម្ពុជាក្នុងការទប់ស្កាត់ឬក៏បំផ្លាញចោលនូវផ្លុកដំរីដែលនាំចូលពីអាហ្វ្រិកដែលកម្ពុជាចាប់បាននាពេលកន្លងមកជាដើម ។
ជាមួយគ្នានោះដែរ លោក Sam Meyers បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈមោះមុត ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ព្រមទាំងរៀនសូត្រនូវបទពិសោធន៍និងជោគជ័យដែលកម្ពុជាទទួលបាន លើកកិច្ចការនេះ ។
សម្តេចក្រឡាហោម បានសម្តែងនូវការគាំទ្រ ដល់ចក្រភពអង់គ្លេស ដែលបានផ្តួចផ្តើម ឱ្យមានសន្និសីទនេះឡើង ហើយកម្ពុជា ក៏មានគោលនយោបាយ គាំទ្រការប្រយុទ្ធប្រឆាំង នឹងការជួញដូរ សត្វព្រៃខុសច្បាប់ ដោយសុំឱ្យភាគីចក្រភពអង់គ្លេស ផ្តល់ឯកសារពាក់ព័ន្ធមួយចំនួន ដើម្បីកម្ពុជារៀបចំត្រៀមទុកជាមុន ។
សម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍ជានិច្ចចំពោះសំណើររបស់ភាគីអង់គ្លេសដែលបានគោរពអញ្ជើញ សម្តេចឲ្យទៅចូលរួមសន្និសីទស្តីពីការទប់ស្កាត់ និងការជួញដូរនូវសត្វព្រៃ ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។
សម្តេចក្រឡាហោម បានបន្តថា កម្ពុជារីករាយជានិច្ចចំពោះការស្នើសុំរបស់អង់គ្លេស ហើយសម្តេចនឹងខិតខំធ្វើយ៉ាងណាជួយធ្វើបទបង្ហាញ ដែលកម្ពុជាមាននាពេលកន្លងមកជូនដល់អង្គប្រជុំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយភាគីជាមិត្តដទៃទៀត ដែលបានទៅចូលរួម នៃសន្និសីទ ៕ ដោយ៖បញ្ញាស័ក្តិ