បន្ទាយមានជ័យ ៖ ក្នុងខែមេសា ឆ្នាំ២០១៨នេះ អាជ្ញាធរថៃ ចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុក និងធ្វើការដោយខុសច្បាប់ នៅប្រទេសថៃ មកវិញមានចំនួន៤.២៦៨នាក់ (ស្រី១.៤៧៣នាក់ កុមារចំនួន៤៣៩នាក់ កុមារី១៦៧នាក់) ដាក់ក្នុងរថយន្តភាគីថៃ ចំនួន១០២គ្រឿង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍ការិយាល័យនគរបាល ប្រឆាំងការជួញដូរ និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ ក្នុងខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ស្ថិតិពលរដ្ឋខ្មែរ ចំណាកស្រុកក្នុងខេត្តបន្ទាយមានជ័យ ចេញទៅរកការងារធ្វើ នៅប្រទេសថៃ មានចំនួនសរុប៥០៤នាក់ ស្រី២៣៣នាក់ ក្នុងនោះស្របច្បាប់ចំនួន៦០នាក់ ស្រី២២នាក់ មិនស្របច្បាប់ចំនួន៤៤៤នាក់ ស្រី២១១នាក់ ប៉ុន្តែទោះជាយ៉ាងណា ក្នុងពេលដែលអាជ្ញាធរថៃ បានចាប់បញ្ជូនត្រឡប់មកស្រុកវិញ មានចំនួន២.៤២៧នាក់ ស្រី១.១៦៨នាក់ កុមារ៤០នាក់។
បញ្ហាពលករចំណាកស្រុកខុសច្បាប់ដែលប្រឈមគ្រោះថ្នាក់និងសុវត្ថិភាពរាល់ប្រជុំគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យលោក សួន បវរ អភិបាលខេត្តបានលើកឡើងជារឿយៗដល់កម្លាំងសមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែននិងកម្លាំងជំនាញត្រូវលុបបំបាត់ច្រករបៀងខុសច្បាប់ និងទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ ការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ។
ដាស់តឿនដាក់វិធានការត្រូវចាប់មេខ្យល់និងអប់រំណែនាំប្រជាពលរដ្ឋឱ្យមានការយល់ដឹងត្រូវបញ្ឈប់ការចាញ់បោកមេខ្យល់ទៅរកការងារធ្វើដោយស្របច្បាប់។
ព័ត៌មានបានឱ្យដឹងថាការដែលពលករចំណាកស្រុកខុសច្បាប់នៅតែបន្តលួចចេញតាមច្រករបៀងខុសច្បាប់នៅតែកើតមានគឺបណ្តាលមកពីកម្លាំងសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនឃុបឃឹតជាមួយមេខ្យល់ហើយកម្លាំងនិងមន្ត្រីជំនាញដើរដាក់ខែជាមួយមេខ្យល់ឬបង់ចំនួនពលករម្នាក់១៥០០០រៀលទៅ២០.០០០រៀលអាច១ខែមេខ្យល់ម្នាក់បង់១លានទៅ២លានរៀលជាប្រចាំខែបើមិនបង់គឺចាប់ពលករអប់រំឱ្យត្រឡប់ទៅវិញតែមេខ្យល់រួចខ្លួនរហូតនៅតែបន្តរកស៊ីដោយរលូន ៕ ដោយ៖បញ្ញាស័ក្តិ