Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រីម ស៊ុន ចាន់ថុល មានគម្រោងប្រើកម្លាំងនគរបាលឆ្មក់ផាកពិន័យរថយន្តគ្មាន ” ឆៀក ” មហាជនសួរថា ចុះរថយន្តលើសពី២០ឆ្នាំ?!

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកសំណើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់កម្លាំងនគរបាលឆ្មក់ចាប់រថយន្តមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅតាមផ្លូវសាធារណៈ។

បើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា មានរថយន្តប្រមាណ ៤០ម៉ឺនគ្រឿង ក្នុងចំណោមរថយន្ត ១លានគ្រឿង ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយមិនទៅចូលត្រួតពិនិត្យ ដូច្នេះវាអាចបង្កហានិភ័យក្នុងការធ្វើដំណើរតាមដងផ្លូវ ខណ:ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត គឺជារឿងដ៏សំខាន់មួយ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ចំពោះបញ្ហាឆៀកនេះ គឺមានឡានប្រមាណ ៤០ម៉ឺនគ្រឿង ដែលហួសសុពលភាព ហើយមកដល់ម៉ោងនេះ មិនទាន់យកមកឆៀកនៅឡើយទេ។ បើហួសសុពលភាព គាត់មិនយកមកឆៀកទេ អ៊ីចឹងខ្ញុំសូមស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ដើម្បីសហការគ្នាជាមួយកម្លាំងនគរបាល អាចធ្វើការឆ្មក់ចាប់រថយន្ត ដើម្បីស្វែងរកថា រថយន្តបានធ្វើឆៀកត្រឹមត្រូវ ឬមិនត្រឹមត្រូវ។

រឿងឆៀករថយន្តនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាពោធិ៍សែនជ័យ-អូរដឹម ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅមានយានជំនិះចំនួន ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ខណៈក្រសួងបានផាកពិន័យរថយន្តហួសសុពលភាពឆៀក បានជាង ១៧ម៉ឺនគ្រឿង សរុបជាថវិកាជាង ៥លានដុល្លារ សម្រាប់ជាថវិកាជាតិ។

មហាជន លើកឡើងថា ទាក់ទងនឹងការឆៀករថយន្តនេះ គឺត្រូវសាទរយ៉ាងខ្លាំងផងដែរ ព្រោះជាការគោរពច្បាប់ចរាចរណ៍ផង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈបញ្ហាបច្ចេកទេសផង, ប៉ុន្តែ ត្រូវគិតគូរពីស៊េរីឆ្នាំនៃយានយន្ត ពីកម្រិតឆ្នាំណា ទៅដល់ឆ្នាំណា ត្រូវឆៀក និងផុតកំណត់, ហើយត្រូវដាក់ចំណាត់ការឱ្យច្បាស់ថា យានយន្តដែលហួសស៊េរីឆ្នាំត្រូវឆៀកហ្នឹង គួរទុកឱ្យពលរដ្ឋក្រីក្រប្រើប្រាស់ ឬក៏លែងឱ្យប្រើប្រាស់?!

បានជាមហាជនលើកឡើងបែបនេះ ព្រោះថា ÷ ១- មានយានយន្តស៊េរីចាស់ៗជាច្រើន ត្រូវបានប្រជាពលរដ្ឋយកទៅកែច្នៃប្រើប្រាស់ជាប្រយោជន៍គ្រួសារសម្រាប់ជីវភាពប្រចាំថ្ងៃ ដឹកជញ្ជូនកសិផល ជាដើម, ២- ប្រជាពលរដ្ឋកម្ពុជាភាគច្រើនស្ថិតក្នុងបន្ទាត់ក្រីក្រ, រកប្រាក់ចំណូលបានទាប មិនមានលទ្ធភាពទិញដូររថយន្តស៊េរីទាន់សម័យប្រើប្រាស់ ដូច្នេះកែច្នៃអាចាស់ៗប្រើ, ៣- ផ្អែកលើប្រាក់ខែបុគ្គលិក-និយោជិត និងប្រាក់បៀវត្សមន្ត្រីរាជការ មានកម្រិតនៅទាបនៅឡើយ ដូច្នេះ មិនអាចមានលទ្ធភាពប្រើប្រាស់ក្រុមហ៊ុនធានារ៉ាប់រងទៅផ្លាស់ប្ដូរយានយន្តថ្មី នៅពេលដែលយានយន្តចាស់មានបញ្ហានោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×