Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ អ្នក​ដែល​ញុះញង់​ពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត អាច​ប្រឈម​នឹង​ទោសទណ្ឌ តាម​ច្បាប់​បោះឆ្នោត​

ពោធិ៍សាត់​៖ សម្ដេច​ក្រឡាហោម ស ខេង បានប្រកាសថា រាល់​សកម្មភាព ឬ​ទង្វើ​ណា​ញុះញង់​របស់​បុគ្គល​ទាំងឡាយណា ដែល​មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចូលរួម​បោះឆ្នោត គឺ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ អាច​ប្រឈម​នឹង​ទោសទណ្ឌ តាម​បញ្ញត្តិ​ក្នុង​ច្បាប់ ស្ដីពី​ការបោះឆ្នោត​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី នៃ​សាលាខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា បុគ្គល​ដែល​ញុះញង់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត អាច​ប្រឈម​នឹង​ទោសទណ្ឌ ដែល​បាន​បញ្ញត្តិ​ក្នុង​ច្បាប់ ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ត្រង់​មាត្រា​១៤២ ដែល​ចែង​ថា ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។

“​អ្នក​ដែល​អំពាវនាវ ញុះញង់ រារាំង ប្រជាពលរដ្ឋ​មិន​ឲ្យទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នាពេល​ខាងមុខ​នេះ គឺ​ជា​ទង្វើ​ល្មើស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ត្រង់​មាត្រា​១៤២​។ ការ​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​” សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បន្ថែម​។​

​សម្តេច​ក្រឡាហោម រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា ការអំពាវនាវ​ឲ្យ​មន្ដ្រីរាជការ និង​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​បោះឆ្នោត គឺជា​រឿង​ត្រឹមត្រូវ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅពេល​ខាងមុខ​នេះ គឺ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ជាតិ និង​ប្រជាជន​គ្រប់ៗ​រូប ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​ខ្លួន ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត បន្ដ​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ការ​អភិវឌ្ឍន៍​រីកចម្រើន មាន​សុខសន្ដិភាព ស្ថិរភាព សន្ដិសុខ និង​សង្គមជាតិ​ទាំងមូល​មាន​ភាព​សម្បូរ​សប្បាយ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ កងកម្លាំង​សមត្ថកិច្ច និង​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណឲ្យ​បាន​ល្អ​ប្រសើ​រ​ក្នុង​សង្គម ក៏​ដូច​ជា​ដំណើរការ​នៃ​ការបោះឆ្នោត​ដ៏​សំខាន់​មួយ​នេះ ឲ្យបាន​ល្អ​ប្រសើរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×