នេះជារូបភាពដ៏ស្លុតរន្ធត់មួយ ដែលបុរសម្នាក់បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង នៅលើរបងផ្ទះអតីតមិត្តស្រីរបស់ខ្លួន បន្ទាប់ពីព្យាយាមសម្លាប់ប្រុសស្នេហ៍ថ្មីរបស់នាង ។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងនៅក្នុងទីប្រជុំជន General Pinedo ប្រទេសអាហ្សង់ទីន ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Anibal Fernandez ដេកស្លាប់ផ្កាប់មុខនៅលើរបងផ្ទះអតីតមិត្តស្រី បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគាត់បានសម្រេចបាញ់សម្លាប់ខ្លួនឯង ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបញ្ជាក់ថា Fernandez បានទៅកាន់ផ្ទះអតីតមិត្តស្រីឈ្មោះ Carina Carabajal ដោយនាំយកជាមួយកាំភ្លើងវែង១ដើម ក្នុងបំណងប្រឈមមុខនឹងសង្សារថ្មីរបស់នាងឈ្មោះថា Daniel Campos ដែលកំពុងរស់នៅជាមួយគ្នានៅទីនោះ ។
Fernandez ត្រូវបានគេនិយាយថា បានចូលទៅក្នុងផ្ទះអតីតមិត្តស្រី និងបាញ់ទៅលើ Campos ចំនួន ៤ គ្រាប់ នៅត្រង់ដៃទាំងសងខាង និងដើមទ្រូង បន្ទាប់ពីកើតជម្លោះដ៏ខ្លាំងក្លាមួយ ។
ប៉ុន្តែ នៅពេលគាត់ព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ នាង Carabajal ក៏បានលឺសូរសម្លែងផ្ទុះកាំភ្លើងនៅខាងក្រៅផ្ទះរបស់នាង ហើយនាងក៏បានរកឃើញ Fernandez បានស្លាប់បាត់ទៅហើយ ដោយសាកសពរបស់គាត់បានដេកផ្កាប់មុខនៅលើរបងផ្ទះរបស់នាង ។
ក្រោយពេលកើតហេតុ ប៉ូលីសក្នុងតំបន់ក៏បានចុះមកពិនិត្យ និងរកឃើញ Fernandez ដេកស្លាប់នៅលើរបង និងកាំភ្លើងវែង១ដើម ធ្លាក់នៅខាងក្រោមសាកសពរបស់គាត់ ។
ទោះយ៉ាងណា ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសក្រុង Las Brenas ៕ ចន្ទី