ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួននៅតែមានឆន្ទៈក្នុងការចរចារគ្រប់ពេលវេលា និងគ្រប់រូបភាពជាមួយនឹងអាមេរិច ហើយការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់របបនេះធ្វើឡើង ក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានលុបចោលជំនួបកំពូល ដែលគ្រោងធ្វើឡើងនៅខែក្រោយ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសុក្រនេះ។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Kim Kye-gwan បានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការលុបចោលជំនួបកំពូល គឺជារឿងគឺឲ្យសោកស្តាយបំផុត។
កូរ៉េខាងជើងបានថ្លែងបញ្ជាក់ថា ខ្លួនបានអនុវត្តតាមការសន្យាក្នុងការរុះរើផ្លូវរូង នៅទីលានសាកល្បងអាវុធនុយក្លេអ៊ែរ។ ការអះអាងរបស់កូរ៉េខាងជើងនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេល លោកត្រាំ ប្រកាសថា ជំនួបកំពូលមិនអាចកើតឡើងនោះទេ។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលត្រាំ ម្នាក់បានបញ្ជាក់បន្ថែមមូលហេតុនៃការលុបចោលជំនួបកំពូលនោះថា កូរ៉េខាងជើងបានបង្ហាញពីការគ្មានភាពស្មោះត្រង់ខ្លាំង និងមានការមិនគោរពតាមការសន្យាជាច្រើនពីកូរ៉េខាងជើង។
សូមបញ្ជាក់ថា លោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គ្រោងធ្វើជំនួបកំពូលលើកដំបូងនៅថ្ងៃទី ១២ ខែមិថុនាខាងមុខ ប៉ុន្តែវាមិនអាចកើតឡើងបាននោះទេ៕ សុភ័ក្ត្រ