ភ្នំពេញ ៖ ក្រសួងពាក់ព័ន្ធចំនួន៣ ក្នុងនោះមានក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បានបង្ហាញពីមូលហេតុដែលបណ្តាលអោយពលរដ្ឋ១៣នាក់ស្លាប់ និងច្រើននាក់រងគ្រោះនៅ ភូមិស្រែនន និង ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោយពីធ្វើការស្រាវជ្រាវនិងពិនិត្យយ៉ាងយកចិត្តទុកដាក់នោះ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាក់ព័ន្ធចំនួន៣ខាងលើ ដែលបានធ្វើសេចក្តីជូនដំណឹងជាផ្លូវការកាលពីថ្ងៃទី២៤ ឧសភា។
ក្នុងសេចក្តីជូនដំណឹងនេះបានបង្ហាញថា ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល សូមជូនដំណឹងចំពោះ មូលហេតុដែលបណ្តាលអោយពលរដ្ឋ១៣នាក់ស្លាប់ និងច្រើននាក់រងគ្រោះ អោយបានជ្រាបថា ៖ ការពុលនៅភូមិស្រែនន និង ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីផឹកស្រា ស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមីមានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។ក្រសួងឧហ្សាហកម្ម និង សិប្បកម្ម ក្រសួងរ៉ែ និង ថាមពល និង ក្រសួងសុខាភិបាលបន្តសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ ៕ ដោយ៖បញ្ញាស័ក្តិ