ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា–វៀតណាម នៃខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រាល់ថ្ងៃនេះ មានក្រុមឈ្មួញរកស៊ីនាំឈើខុសច្បាប់ចេញទៅប្រទេសវៀតណាម ឆ្លងកាត់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យស្ទើរជារៀងរាល់យប់។
បទល្មើសនេះ ប្រជាពលរដ្ឋរិះគន់ថា មិនឃើញមានមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ពិសេសឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ហាក់មិនសូវចាប់អារម្មណ៍ ឬបានបញ្ជូនកម្លាំងចុះបង្ក្រាប់ទប់ស្កាត់បទល្មើសព្រៃឈើនាំចេញទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនទាំងពីរខាងលើឲ្យមានប្រសិទ្ធភាពទេកន្លងមក។
បញ្ហានេះ ប្រជាពលរដ្ឋរស់នៅតាមព្រំដែន បានកត់សម្គាល់ថា សកម្មភាពនាំឈើខុសច្បាប់នេះ សមត្ថកិច្ចជំនាញប្រចាំការ នៅតាមព្រំដែនចាន់មូល និងបឹងច្រូង ខេត្តត្បូងឃ្មុំ មិនបានអនុវត្តបទបញ្ជាបង្ក្រាបបទល្មើសព្រៃឈើ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ឲ្យអនុវត្តឲ្យមន្ត្រីជំនាញអនុវត្ត គឺមិនបានអនុវត្តតាមទេ។
ប្រភពមិនបង្ហាញអត្តសញ្ញាណ បានចោទថា ឈ្មួញឈើទាំងនោះ គឺមន្ត្រីជំនាញគ្រប់ស្ថាប័នស្គាល់ឈ្មោះគ្រប់គ្នារួមមាន៖ ឈ្មោះហៅក្រៅ នាយផ្លោក– លោក ជាម ដែន ហៅតក មេប៉ុស្តិ៍ច្រករបៀងបឹងច្រូង– លោក ម៉ែន ដេត មន្រ្តីនគរបាលភូមិភាគ២– លោក អ៊ាត សុភាព មន្រ្តីយោធាសឹករងខេត្តត្បូងឃ្មុំ និងលោក ស្រ៊ុន ផឹងឡាយ មន្រ្តីកងរាជអាវុធហត្ថស្រុកមេមត់ជាដើម ក៏ជាប់ពាក់ព័ន្ធសកម្មភាពដឹកឈើខុស ច្បាប់ចេញទៅប្រទេសវៀតណាមដែលកំពុងធ្វើសកម្មភាពរាល់ថ្ងៃនេះដែរ។
ពលរដ្ឋចោទថា មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធភាគច្រើ បានជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់ ឆ្លងកាត់ច្រកព្រំដែនខេត្តត្បូងឃ្មុំ ដោយមន្ត្រីស្ថាប័នមួយចំនួននោះ ចាំតែរាប់ក្បាលឡានគិតលុយពីឈ្មួញល្មើសតែប៉ុណ្ណោះ ដោយមិនបង្ក្រាបបទល្មើសព្រៃឈើទាំងនោះទេ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋចោទថា ក្រុមឈ្មួញខាងលើ បានប្រមូលទិញឈើតាមគ្រប់រូបភាព ចេញពីបណ្តាខេត្តមួយចំនួន រួចដឹកចេញទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនចាន់មូល ដែលគ្រប់គ្រងដោយ លោកមេគយ ចាន់ សុផាត និងច្រករបៀងបឹងច្រូង គ្រប់ដោយ លោក ជាម ដែន ហៅតក។
ផ្តើមពីបញ្ហានេះ ពលរដ្ឋមានចម្ងល់ថា តើលោក ចាន់ សុផាត និងលោក ជាម ដែន អាងខ្នងបង្អែកមកពីថ្នាក់ណាទេ ទើបហ៊ានបើកដៃឲ្យក្រុមឈ្មួញដឹកឈើខុសច្បាប់ ចេញទៅលក់នៅប្រទេសវៀតណាមអនាធិបតេយ្យបែបនេះ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅជិតច្រកព្រំដែនចាន់មូល និងច្រករបៀងបឹងច្រូង បានឲ្យដឹងថា ជារៀងរាល់យប់ ក្រុមឈ្មួញនៅតែបន្តដឹកឈើចេញទៅប្រទេសវៀតណាម ដោយក្នុងមួយយប់ៗមិនក្រោម ៥រថយន្តថុនធំនោះទេ។
មន្រ្តីស្ថាប័នជំនាញមួយរូបស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងដែរថា បទល្មើសព្រៃឈើនៅច្រកទាំង២ខាងលើនេះ ក្រុមឈ្មួញ និងសមត្ថកិច្ចក្នុងស្ថាប័នខ្លះនៅតាមព្រំដែន ជាអ្នកជួយកាងការពារបទល្មើសនាំឈើខុសច្បាប់ ដើម្បីនាំចេញទៅប្រទេសវៀតណាម។ ជាងនេះទៀត ក៏មានសមត្ថកិច្ចនៅតាមស្ថាប័នខ្លះ ក៏បានរកស៊ីនាំឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនទាំង២នេះដែរមានដូចជា៖ លោក ជាម ដែន ហៅតក ជាប្រធានច្រករបៀងបឹងច្រូង ក៏ជាប់ពាក់ព័ន្ធបទល្មើសរកស៊ីឈើខុសច្បាប់នាំចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែន ដែលខ្លួនកំពុងគ្រប់គ្រងនេះដែរ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋមានលំនៅឋាន នៅក្បែរព្រំដែន ខេត្តត្បូងឃ្មុំ បានសំណូមពរដល់ថ្នាក់ដឹកនាំ នៅតាមក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ឲ្យជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កតពីភាពមិនប្រក្រតី នៃបទល្មើសនាំឈើខុសច្បាប់ចេញតាមច្រកព្រំដែនចាន់មូល និងច្រករបៀងបឹងច្រូង ខេត្តត្បូងឃ្មុំ ឲ្យបានឆាប់ ដើម្បីឈានទៅចុះបង្ក្រាបបទល្មើសព្រៃឈើនេះ ឲ្យមានប្រសិទ្ធភាពស្របតាមការចង់បាន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តនាពេលកន្លងមក៕ ដែន សីមា