ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសធ្ងន់ៗដល់លោករដ្ឋមន្ត្រី ៣រូបមកពីបីក្រសួង ដែលបានឆ្លើយដាក់គ្នាជុំវិញករណីប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះនៅមុនចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកថាការព្យាយាមសាចទឹកដាក់គ្នារបស់រដ្ឋមន្ត្រីទាំង៣រូបនេះគឺ រួមមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺជាការខ្វះទំនួលខុសត្រូវរបស់ខ្លួនក្នុងហេតុការណ៍ខាងលើនេះ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២៥ ឧសភា ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាមួយរដ្ឋមន្ត្រីក្រសួងជំនាញ៣ ដែលបានតាមដានស្រាវជ្រាវពីសារធាតុពុល ដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះដែលបណ្តាលឲ្យពលរដ្ឋចំនួន១៣នា
ក់ស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រសួងឧស្សាកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាលសូមជំរាបជូនដំណឹង ដល់សធារណៈជនអោយបានជ្រាបថាៈ ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បន្តសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងដោយយថាហេតុ។
សម្តេចតេជោ បានបញ្ជាក់ថា “រឿងប៉ុណ្ណឹងមិនគួរឲ្យនាយករដ្ឋមន្ត្រីឈឺក្បាលនោះទេ ហើយត្រូវគោរពឋានានុក្រម និងកុំយកឈ្នះដោយខ្លួនឯង ។ ក្រសួងសុខាភិបាល គេបានធ្វើកិច្ចការនេះរួចហើយ ហើយលោកម៉ម ប៊ុនហេង បានស្នើខ្ញុំ ខ្ញុំបានស្នើឲ្យធ្វើកិច្ចការនេះ ហើយបានដឹកអ្នកជំងឺយកទៅព្យាបាល ចុះហេតុអ្វីយើងមិនទទួលលទ្ធផល បែរជាទៅបង្កើតរឿងដទៃទៀត ដែលមិនគួរឲ្យកើត។
នៅពេលដែលចេញរបាយការណ៍ត្រូវតែមានការទទួលខុសត្រូវជាក់លាក់ ហើយមិនទាន់មានការអនុម័តពីនាយករដ្ឋមន្ត្រីផង បែរជាចេញរបាយការណ៍ ហើយកន្លងទៅ ក្រសួងសុខាភិបាល គេបានធ្វើកិច្ចការងារនេះ ប៉ុន្តែមិនហាមមិនឲ្យអស់លោកធ្វើការងារនេះទេ ។ រឿងនេះដល់ថ្នាក់ប្រជាជនមកស្លាប់ដោយមិនដឹងហេតុផល ។ រឿងនេះយើងបានដឹងតាំងពីមុនមកហើយ គឺពុលស្រាម្ខាង ហើយនិងធាតុអាកាសកំពុងតែក្តៅបូកជាមួយទឹកដែលកំពុងប្រជាជនផឹក ហើយរឿងនេះអគ្គនាយកក្រសួងសុខាភិបាល បានឡើងនិយាយក្នុងទូរទស្សន៍ដោយបញ្ជាក់អំពីហេតុផលដែលបណ្តាលឲ្យប្រជាជនរងគ្រោះយ៉ាងច្បាស់ហើយ ចុះហេតុអ្វីរយៈពេល៣អាទិត្យ បែរជាចាប់ផ្តើមមានរបាយការណ៍មួយថាប្រជាជនស្លាប់ដោយសាតែសារធាតុស្យានីតអីណានោះទៅវិញ ដែលជារឿងមិនសមហេតុ មិនសមផល”៕ ដោយ៖បញ្ញាស័ក្តិ