ភ្នំពេញ៖ អតីតគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី លោក មឿន តុលា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាមិនឃុំខ្លួនដាក់ពន្ធនាគារនោះទេ ករណីកិបកេងប្រាក់បុណ្យសពបណ្ឌិត កែម ឡី។
ក្រោយបញ្ចប់ការសាកសួរ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ លោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ សម្រេចមិនឃុំខ្លួន លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សទេ ដោយដាក់មន្ត្រីសង្គមស៊ីវិលរូបនេះ ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក មឿន តុលា អតីតគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចូលខ្លួន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដើម្បីឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងករណីបាត់បច្ច័យបុណ្យសព លោក កែម ឡី។
លោកមឿន តុលា ត្រូវបានជាប់ចោទពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាមមាត្រា៣៩១ និង៣៩២នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីកិបកេងប្រាក់បុណ្យសពបណ្ឌិត កែម ឡី ដែលប្តឹងដោយលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ