មណ្ឌលគិរី ៖ កងកម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យទីតាំងការដ្ឋានរ៉ែខុសច្បាប់៤គោលដៅ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតភូមិពូទង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយបានឃាត់ខ្លួនមនុស្សមួយចំនួន។
កម្លាំងកងរាជអាវុធហត្ថ បានឲ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថបាន សហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំង ការដ្ឋានរ៉ែខុសច្បាប់ចំនួនបួនកន្លែងស្ថិតភូមិពូទង់ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដោយមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មន្ត្រីក្រសួងបរិស្ថាន មន្ត្រីក្រសួងរ៉ែ និងឋាមពល កម្លាំងនរគបាលខេត្ត កម្លាំងយោធាខេត្ត និងសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យទីតាំងការដ្ឋានរ៉ែខុសច្បាប់៤គោលដៅ៖ គោលដៅទី១ មានកម្មករចំនួន ចំនួន ៣នាក់ (ប្រុស២ ស្រី១) ប៉ុន្តែពុំស្គាល់សាវតារបស់ម្ចាស់ការដ្ឋាន។ គោលដៅទី២ ម្ចាស់ឈ្មោះ សល់ ធី (ទីលំនៅទីរួមខេត្តមណ្ឌលគីរី) មានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយនិងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅនឹងកន្លែង។ គោលដៅទី៣ ម្ចាស់ឈ្មោះ តាសម្បត្តិ (មិនស្គាល់ទីលំនៅ) ឃើញមានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមូយនិងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅនឹងកន្លែង។ គោលដៅទី៤ មានរោងសិប្បកម្មកិន និងរ៉ែងរ៉ែមាសមួយ និងសម្ភារៈមួយចំនួន គ្មានម្ចាស់នៅកន្លែង។
បច្ចុប្បន្នសម្ភារៈដែលបានសន្សល់ទាំងបួនកន្លែង ត្រូវបានក្រុមការងារ វេចខ្ចប់ដើម្បីធ្វើការពិសោធន៍ ចំពោះគ្រឿងម៉ាស៊ីននៅការដ្ឋាន ដែលបម្រើឱ្យជីវកម្មល្មើសរ៉ែនេះ ប្រគល់ជូនមន្ត្រីក្រសួងរ៉ែ និងថាមពលដើម្បីចាត់ការបន្ត ៕ ដោយ៖បញ្ញាស័ក្តិ