តារា Cosplayer វ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានរងបណ្តឹងផ្លូវច្បាប់ បន្ទាប់ពីបានប្រើប្រាស់ឯកសណ្ឋានយោធា សម្រាប់សកម្មភាពថតចុងក្រោយរបស់ខ្លួន ដែលល្មើសនឹងច្បាប់តៃវ៉ាន់ ។
ប៉ុន្តែ បណ្តារូបភាពរងការចោទប្រកាន់របស់នាង ដែលបានបង្ហោះឡើងទំព័រហ្វេសប៊ុក Mono Cat កាលពីសប្តាហ៍មុន ក៏ត្រូវបានលុបចោលវិញហើយ ដោយសារទទួលនូវភាពចម្រូងចម្រាស់ពីមជ្ឈដ្ឋានមហាជន ។
សូមបញ្ជាក់ថា តារាស្រីរូបនេះបានស្លៀកឯកសណ្ឋានយោធា ដោយលេងស្ទីលពាក់វ៉ែនតា sunglass, ស្បែកជើងកែង និងសំពត់ខើចខ្លី ខណៈថតរូបក្នុងលក្ខណៈដ៏ស្រើបស្រាលបំផុត ដោយខ្លួនផ្ទប់ជាមួយនឹងវត្ថុផ្សេងៗ ដែលក្នុងនោះដូចជាបង្គោល និងកាណុងកាំភ្លើងធំជាដើម ស្ថិតនៅកន្លែងហ្វឹកហ្វឺនឧបសគ្គយោធាមួយកន្លែង ក្នុងទីក្រុង Taoyuan ។
ទោះយ៉ាងណា បន្ទាប់ពីរូបភាពទាំងនោះរបស់នាង បានរីករាលដាល ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានចេញពាក្យបណ្តឹងស្របច្បាប់មួយភ្លាមៗ ដោយចោទប្រកាន់ថា ស្រីស្រស់រូបនេះកំពុងធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះរបស់យោធា ។
យោងតាមសារព័ត៌មានតៃវ៉ាន់ នោះសកម្មភាពដ៏ព្រហើនរបស់ស្រីស្រស់នេះ ពិតណាស់បានរំលោភលើច្បាប់ឯកសណ្ឋានកងទ័ព និងមាត្រា ១៥៩ ស្តីពីបទល្មើសជ្រៀតជ្រែកដល់សណ្តាប់ធ្នាប់សាធារណៈតែម្តង ។
នាងអាចប្រឈមការផាកពិន័យជាប្រាក់ចំនួន NT$500 (ស្មើនឹង ១៦.៧ ដុល្លារ) ដែលប្រាក់នេះ រដ្ឋមន្ត្រីទទួលបន្ទុកនឹងដាក់ចូលទៅក្នុងប្រាក់ប្រមូលពន្ធរបស់រដ្ឋាភិបាល ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងម្តងរួចមកហើយ កាលពីចុងឆ្នាំមុន នៅពេលដែលស្រីស្អាតម្នាក់ផ្សាយវីដេអូផ្ទាល់ ស្ថិតក្នុងឯកសណ្ឋានប៉ូលីស ។ ហើយក្រោយមក ស្ត្រីនោះក៏ត្រូវបានចាប់ឃុំខ្លួនរយៈពេល ១៥ ថ្ងៃ សម្រាប់ទង្វើមិនសមរម្យរបស់នាង ៕ ចន្ទី