ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្រេចរួចហើយ ក្នុងការផ្លាស់ប្តូរ និងតែងតាំងឯកអគ្គរាជទូត និងមន្ត្រីការទូតជាន់ខ្ពស់មួយចំនួនប្រចាំនៅបរទេសចំនួន២២រូប ។
ឯកអគ្គរាជទូត និងមន្ត្រីការទូតជាន់ខ្ពស់ដែលផ្លាស់ប្តូរ និងតែងតាំងនេះគឺ មានការផ្លាស់ប្តូរចំនួន៧រូប និងតែងតាំងចំនួន១៥រូប។នេះបើយោងតាមលិខិតរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែលផ្ញើជូនប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ហើយដែលយើងទើបទទួលបាននៅថ្ងៃទី២៥ ខែឧសភានេះ។
ក្នុងលិខិតនេះបានឲ្យដឹងថា ឯកអគ្គរាជទូត និងមន្ត្រីការទូតជាន់ខ្ពស់ចំនួន២២រូប ដែលត្រូវសុំផ្លាស់ប្តូរ និងតែងតាំងនោះមានដូចជា ឯកអគ្គរាជទូតចំនួន០៧រូប ដែលត្រូវផ្លាស់ប្តូររួមមានៈ ទី១. ផ្លាស់ប្តូរលោក ជា ធីរៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស ប៊ែលហ្ស៊ិក និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសអូទ្រីស ហូឡង់ លុចហ្សំបួរ និងអមសហភាពអឺរ៉ុប ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។ ទី២. ផ្លាស់ប្តូរលោក ពេជ្រ ឃុនបញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឥណ្ឌា និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសបង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។ ទី៣. ផ្លាស់ប្តូរលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។ ទី៤. ផ្លាស់ប្តូរលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។ ទី៥. ផ្លាស់ប្តូរលោក ទុយ រី ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហ ប្រជាជាតិ និងប្រទេសកាណាដា ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។ ទី៦. ផ្លាស់ប្តូរលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងជាឯកអគ្គរាជទូតតែងតាំងប្រចាំរដ្ឋម៉ិចស៊ិកកូ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។ ទី៧. ផ្លាស់ប្តូរលោកកេត សោ ផាន់ ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍ប្រចាំអង្គការយូណេស្កូ និងជា នាយកផ្ទះខ្មែរ នៅមជ្ឈមណ្ឌលសាកលវិទ្យាល័យនៅទីក្រុងប៉ារីស ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម៕ ដោយ៖បញ្ញាស័ក្តិ