ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនយុវតី២ក្រុម មានគ្នាចំនួន៩នាក់ យកមកណែនាំអប់រំ ពាក់ពន្ធ័ករណីណាត់ជួបគ្នាវាយតប់ ដើម្បីជម្រះបញ្ជីខ្មៅ និងដើម្បីឲ្យដឹងថា ក្រុមណាជាជើងខ្លាំងពិតប្រាកដ កាលពីកណ្តាលអាធ្រាត ឆ្លងចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
តាមរបាយការណ៍ពីអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ហាញថា នៅយប់រំលងអាធ្រាតឆ្លងចូលព្រឹកថ្ងៃសុក្រ ទី២៥ខែឧសភា វេលាម៉ោង០០.៣០នាទីព្រឹក មានយុវតីខ្ចី ២ក្រុមមានគ្នាសរុបចំនួន ៩នាក់ បានឆាតតាមបណ្តាញសង្គម Facebook ដោយណាត់ជួបគ្នា វាយតប់គ្នានៅកណ្តាលអធ្រាតចំនួន ២យប់ផ្ទួនៗគ្នា នៅតាមតាមទីសាធារណៈចំនួន ២ទីតាំងផ្សេងគ្នា គឺនៅចំណុចឆ្នេរអូរឈើទាល និងនៅម្តុំរង្វង់មូលត្រីដូហ្វីនជិតសាលាអនុវិទ្យាល័យសម្តេចឪ។
ការណាត់ជួបនេះ ត្រូវបាននគរបាលក្រុងព្រះសីហនុ បានឈានទៅចុះឃាត់ខ្លួនក្រុមយុវតីទាំង ២ក្រុមនោះ ដើម្បីយកមកអប់រំនៅអធិការនគរបាលក្រុង ហើយក្រោយមកបានធ្វេីកិច្ចសន្យាឲ្យអាណាព្យាបាល មកធានា និងនាំយកត្រឡប់ទៅផ្ទះរៀងខ្លួនវិញ។
លោកវរសេនីយ៍ទោ ភុល ភស្តារ អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា៖ស្ត្រីៗទាំង ២ក្រុមខាងលើនេះ ១ក្រុមមានគ្នា ៣នាក់ និង១ក្រុមទៀតមានគ្នា ៦នាក់ បានប្រេីប្រាស់ Facebook ឆាតណាត់ជួបគ្នា ដើម្បីវាយតប់គ្នា ដដោយមូលហេតុមានទំនាស់ស្នេហា ឬហៅថា ដណ្តើមប្រុសឈ្មោលគ្នា។
លោកថា ក្រុមយុវតីទាំងនោះ បានណាត់ជួបវាយតប់គ្នាចំនួន ២លើក នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ដោយណាត់វាយគ្នាលេីកទី១ នៅឆ្នេរអូរឈើទាល។ បន្ទាប់មកនៅយប់ថ្ងៃទី២៥ ខែឧសភា យប់មិញនេះ ពួកគេក៏បានណាត់វាយតប់គ្នា ១លេីកទៀត នៅរង្វង់មូលត្រីដូហ្វីន មានទីតាំងទល់មុខសាលាអនុវិទ្យាល័យសម្តេចឪ ហើយក៏ត្រូវកម្លាំងល្បាតរបស់នគរបាលក្រុង ស្ទាក់ចាប់បានយកមកអប់រំ។
លោក ភុល ភស្តារ អធិការក្រុង បានបន្ថែមថា យុវតីទាំង២ក្រុមនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងនាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំ និងឲ្យធ្វេីពលកម្ម ព្រមទាំងឲ្យអាណាព្យាបាលមកធានាយកទៅអប់រំជាបន្តទៀត។
ផ្តើមពីបញ្ហានេះ លោកអធិការក្រុង ព្រះសីហនុ បានស្នើដល់អាណាព្យាបាល សូមឲ្យតាមដានសកម្មភាពកូនៗ ឲ្យបានជាប្រចាំ ពិសេសឪពុកម្តាយ ដែលមានកូនប្រព្រឹត្តខុសគន្លងធ៌ម ស្នើឲ្យចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអប់រំកូនចៅឲ្យបានល្អ ដើម្បីចៀសឲ្យផុតពីបញ្ហាគ្រឿងញៀន និងគ្រឿងអបាយមុខផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គមជាតិ៕ ដែន សីមា