ភ្នំពេញ៖ ក្រសួងព័ត៌មាន បានស្នើឲ្យម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងអស់ ដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានាមកផ្សព្វផ្សាយ ឬផ្សាយបន្ដ ដែលធ្វើឱ្យប៉ះពាល់ដល់ ព្រះរាជកិត្ដិយសរបស់ព្រះមហាក្សត្រ និងសន្ដិសុខជាតិ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានចេញនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយ លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ ក្នុងន័យក្រើនរំលឹក គោរពវិជ្ជាជីវៈ គោរពកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសអង្គព្រះមហាក្សត្រ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងការថែរក្សាសន្តិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងងស់ ត្រូវប្រុងប្រយ័ត្ន និងត្រួតពិនិត្យដោយខ្លួនឯងគ្រប់ទិដ្ឋភាព ដោយពិចារណាថ្លឹងថ្លែងឱ្យបានហ្មត់ចត់អំពីក្រមសីលធម៌ វិជ្ជាជីវៈ និងទិដ្ឋភាពច្បាប់ ចៀសវាងការដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានាមិនច្បាស់លាស់ មកផ្សព្វផ្សាយ ឬផ្សាយបន្ត បង្កឱ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល៕