ថ្មីៗនេះ វីដេអូគួរឲ្យរន្ធត់មួយត្រូវបានបង្ហោះ បង្ហាញពីទិដ្ឋភាពយុវជន ៣នាក់ ត្រូវលង់ទឹកស្រះដ៏ជ្រៅមួយនៅឥណ្ឌា ដែលវីដេអូនេះ ត្រូវបានជនរងគ្រោះដាក់កាមេរ៉ាថតដោយខ្លួនឯងផ្ទាល់ ។
ឧបទ្ទវហេតុនេះ កើតឡើងនៅទីក្រុង Rajsamand រដ្ឋ Rajas Than ភាគខាងលិចឥណ្ឌា ។ ជនរងគ្រោះទាំង៣ រួមមាន Chetan Khatik អាយុ ២៨ឆ្នាំ Sudar shan chandel អាយុ ២២ឆ្នាំ និង Radheyshyam khatik អាយុ ២៧ឆ្នាំ ។
នៅថ្ងៃកើតហេតុ យុវជនទាំង ៣ កំពុងមានដំណើរទេសចរណ៍មួយជុំវិញទីក្រុង ។ តាមផ្លូវធ្វើដំណើរ ពេលឆ្លងកាត់ស្រះទឹកដ៏ជ្រៅមួយនៅ Gauri Dham kund អ្នកទាំង ៣ បានសម្រេចឈប់សម្រាកដើម្បីមុជទឹកលេង ។ ពួកគេបានដាក់បញ្ឈរទូរស័ព្ទមួយគ្រឿងលើមាត់ស្រះ ដើម្បីថតវីដេអូទុកជាអនុស្សាវរីយ៍ ។
ប៉ុន្តែ ពេលយុវជនម្នាក់លោតចូលក្នុងស្រះ គេស្រាប់តែចាប់ផ្តើមប្រវេប្រវា មានសញ្ញាត្រូវលង់ទឹក ។ ឃើញដូច្នេះយុវជន ២នាក់ នៅខាងលើក៏ប្រញាប់លោតចុះទឹក ដើម្បីជួយសង្គ្រោះមិត្តរបស់ខ្លួន តែបន្ទាប់មកទាំង៣នាក់ ត្រូវលង់ទាំងអស់គ្នា ខំប្រឹងតោងឡើងលើគ្នា ដើម្បីដកដង្ហើម រួចហើយសន្សឹមៗត្រូវលិចទៅក្រោមស្រះ ។
ពេលមិនឃើញអ្នកទាំង ៣ ត្រឡប់មកផ្ទះ គ្រួសារជនរងគ្រោះបានរាយការណ៍ទៅបូលិស ដើម្បីស្វែងរក និងបានដឹងថា អ្នកទាំង ៣ ត្រូវលង់ទឹកស្លាប់អាស្រ័យដោយទូរស័ព្ទទៅលើមាត់ស្រះ ៕ ចន្ទ្រា