ភ្នំពេញ៖ មូលបត្ររដ្ឋ នឹងចាប់ផ្តើមបោះផ្សាយលក់ តម្លៃ ៣០០លានដុល្លារជាលើកដំបូង និងជាផ្លូវការ ចាប់ពីខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា ជាអណត្តិគាហក នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងក្នុងទំហំ ១.២១៩ប៊ីលានរៀល ឬប្រមាណ ៣០០លានដុល្លារ ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ។

ក្រសួងបញ្ជាក់ថា មូលបត្ររដ្ឋ ដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃ ១លានរៀល ដោយការគិតការប្រាក់រៀងរាល់ ៦ខែម្តង ក្នុងអត្រាគូប៉ុងថេរ។ ចំពោះមូលបត្រនេះ មាន ៣ប្រភេទ គឺ ប្រភេទប្រតិទាន ១ឆ្នាំ ដោយបោះផ្សាយចំនួន ២ដង និងមានគម្លាតបោះផ្សាយ ៤សប្តាហ៍ម្តង ដោយមានទំហំទឹកប្រាក់សរុប ២០០ប៊ីលានរៀល។ ប្រភេទប្រភេទប្រតិទាន ៣ឆ្នាំ ដោយបោះផ្សាយចំនួន ៤ដង និងមានគម្លាតបោះផ្សាយ ៤សប្តាហ៍ម្តង ដោយមានទំហំទឹកប្រាក់សរុប ៨០០ប៊ីលានរៀល និងប្រភេទប្រភេទប្រតិទាន ៥ឆ្នាំ ដោយបោះផ្សាយចំនួន ២ដង និងមានគម្លាតបោះផ្សាយ ៤សប្តាហ៍ម្តង ដោយមានទំហំទឹកប្រាក់សរុប ២០០ប៊ីលានរៀល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងបន្តការយកចិត្តទុកដាក់នេះ ក៏ដូចជាការគិតគូរអំពីយន្តការនានាបន្ថែម ដើម្បីឱ្យទីផ្សារមួយនេះអាចបំពេញតួនាទីរបស់ខ្លួន ក្នុងការទាក់ទាញមូលធន និងជំរុញការវិនិយោគនៅក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ កាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
សេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងបន្ថែមថា វិនិយោគិនមូលបត្ររដ្ឋនឹងទទួលបានការលើកទឹកចិត្តគួរឲ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន៖ ១. ការលើកទឹកចិត្តពន្ធដារ ដោយកាត់បន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់បានពីការកាន់កាប់ និង/ឬការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល ៣ឆ្នាំ។ ២. ការលើកទឹកចិត្តក្នុងវិស័យធនាគារ ដោយទទួលស្គាល់ហានិ័យសូន្យភាគរយចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតបក្របខ័ណ្ឌសន្ទនីយភាព៕