ភ្នំពេញ ៖មានក្មេង២នាក់ បានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដោយរថយន្តធន់ធំម៉ាក ហ៊ីយ៉ាន់ដាយ បើកបុករថយន្តវីហ្គោ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីម៉ោងជិត៤រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាប់ព្រំប្រទល់ជាមួយខណ្ឌដង្កោ រាជធានីភ្នំពេញ។
គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើង ដោយមានក្មេងៗតូច២នាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាបន្តបន្ទាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ហ៊ីយ៉ាន់ដាយ យីឌុប ដឹកទំនិញ របស់ក្រុមហ៊ុន L.M.Hដឹកជញ្ជូន បើកបរក្នុងល្បឿនលឿន បុកអូសរថយន្តម៉ាក វីហ្គោ ប្រហែល២០ម៉ែត្រ ពេញទំហឹងខ្ទេចទាំងស្រុង។ ចំណែកអ្នកបើកបរថយន្តហ៊ីយ៉ាន់ដាយ យីឌុប ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។
បងប្អូនខាងភាគីខាងរថយន្តវីហ្គោពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-4733 បានអោយដឹងថា៖ជនរងគ្រោះជាអ្នករស់នៅខាងស្លាបលែង ក្នុងខេត្តកំពង់ស្ពឺ ទើបតែទិញរថយន្តបានប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បានបើករថយន្តខាងលើមកលេងផ្ទះបងប្អូន នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងបានបើកបររថយន្ត នាំបងប្អូន និងក្មេងតូចៗសរុបចំនួន៦នាក់ ជិះក្នុងរថយន្តខាងលើ គោលបំណងទៅលេងផ្សារទំនើបអ៉ីអន ហើយហួសទៅលេងកោះពេជ្រ ដោយបានធ្វើដំណើរពីត្បូងមកជើង តាមបណ្តោយផ្លូវ៦០ម៉ែត្រ លុះដល់ចំណុចកើតហេតុ ស្រាប់តែត្រូវ រថយន្តហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទយីឌុក ដឹកទំនិញ របស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន ពាក់ស្លាកលេខ សីហនុ 3A-0830 ដែលកំពុងបើកពីលិច មក កើត ក្នុងល្បឿនលឿន ជ្រុលមកបុកនឹងរថយន្តវីហ្គូពេញទំហឹង អូសប្រហែល២០ម៉ែត្រ បណ្តាលឲ្យមនុស្ស៥នាក់ចាស់ក្មេងរងរបួសធ្ងន់។ ចំណែកបុរសជាតៃកុងរថយន្តវីហ្គោបានគាបជាប់ក្នុងកាប៊ីនរថយន្ត ត្រូវបានប្រជាពលរដ្ឋជួយគាស់យកជនរងគ្រោះចេញ ដើម្បីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាបន្តបន្ទាប់។
អ្នកភូមិបានឱ្យដឹងដែរថា៖ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យហើយនោះ ក្មេងតូចៗ២នាក់ គឺបានស្លាប់បាត់បង់ជីវិតទៅហើយ ។ដោយឡែក៤នាក់ទៀត កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្កហ៊ីយ៉ាន់ដាយ ប្រភេទយីឌុកដឹកទំនិញ បានឈប់រថយន្តហើយចុះរត់គេចខ្លួនបាត់ស្រមោល។ ហើយក្នុងករណីនេះ ក៏បណ្តាលឲ្យភាគីរថយន្តវីហ្គូរងការ ខូចខាតស្ទើរទាំងស្រុង ។ ចំណែករថយន្តបង្កដឹកទំនិញរបស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន ខ្ទេចក្បាលខាងមុខ។
អ្នកភូមិបន្តថា៖ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្ត២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ