សៀមរាប ៖ ពលរដ្ឋភាគច្រើនក្នុងចំណោមអ្នកតាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ សរុប ៧២៧គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើសំណង់របស់ផងខ្លួន និងអនុវត្តស្របតាមលក្ខខណ្ឌរាជរដ្ឋាភិបាល បានសម្តែងនូវសេចក្តីរីករាយ ពេញចិត្ត និងអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ដីឡូតិ៍ឱ្យពួកគេគ្រប់គ្រងជាម្ចាស់ការក្នុងភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់។
លោក ដែន រិទ្ធ និងលោកស្រី ហឿន ស៊ីណា ជាប្រជាពលរដ្ឋរស់នៅភូមិត្រពាំងសេះ តំណាងឱ្យប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ បានស្នើសុំឱ្យ សម្ដេចតេជោ ហ៊ុន សែន ជួយអភិវឌ្ឍតំបន់ថ្មីរបស់ពួកគេរស់នៅនោះ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ ដើម្បីឲ្យទីប្រជុំជនរបស់ពួកគេ មានចង្វាក់ផលិតកម្មជាទីផ្សារ រស់នៅប្រកបរបរចិញ្ចឹមជីវភាពបាន។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ សរុបចំនួន ៧២៧គ្រួសារ បានស្ម័គ្រចិត្តរុះរើ សំណង់ និងអនុវត្តគ្រប់លក្ខខណ្ឌ របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានដីឡូត៍តាំងទីលំនៅថ្មី ស្ថិតនៅតំបន់ធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤ គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង, និង ៤៩៣ គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ បានចូលរួមចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងដីឡូត៍ នៅតំបន់ធម្មជាតិរុនតាឯក ចំនួន ៦ ០០៥ ឡូត៍ សម្រាប់ផ្តល់ជូនពលរដ្ឋ ដែលត្រូវរុះរើសំណង់ ខុសច្បាប់ របស់ខ្លួនចេញពី តំបន់រមណីយដ្ឋានអង្គរ ដែលមានលក្ខខណ្ឌ គ្រប់គ្រាន់ ហើយការផ្តល់ដីនេះ គឺធ្វើឡើង តាមរយៈ ការចាប់ឆ្នោត ។
ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចុះវាស់វែងកំណត់ និយាម ក្បាលដី និងបែងចែកដីឡូត៍ សម្រាប់តំបន់ថ្មីជូនប្រជាពលរដ្ឋនេះ ធ្វើឡើងដោយ ឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជា ប្រធានក្រុមការងារតម្រង់ទិស ដោយផ្តល់កម្មសិទ្ធិឱ្យពួកគេ ២០ គុណ ៣០ម៉ែត្រ។
បើតាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា មាន សំណង់ ខុសច្បាប់ ប្រមាណ ជាង ៨ ពាន់ សំណង់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរដែលត្រូវឱ្យរុះរើទៅនៅកន្លែងថ្មី, ហើយតំបន់រមណីយដ្ឋានអង្គរនេះ ត្រូវបានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ធ្លាប់ចេញលិខិតព្រមាន ២លើករួចមកហើយ ពាក់ព័ន្ធបញ្ហានៅតំបន់អង្គរ ពោលគឺ ចាប់ពីឆ្នាំ២០១៧មក ខណៈរដ្ឋាភិបាល មិនចង់ឱ្យមានការ ព្រមានជាលើកទី៣ទេ ព្រោះថា ការរៀបចំកែសម្រួលតំបន់រមណីយដ្ឋានអង្គរនេះ គឺសម្រាប់សារៈប្រយោជន៍ជាតិទាំងមូល មិនមែនសម្រាប់ឯកជន ឬបុគ្គលណានោះទេ, តំបន់រមណីយដ្ឋានអង្គរ ក៏ជាប្រភពរកចំណូលថវិកាចូលជាតិបានក្នុងមួយឆ្នាំៗ មិនតិចជាង ១០០លានដុល្លារនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






















