ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្ចីឥណទានដែលស្របច្បាប់ ព្រោះអាចការពារបាន និងត្រៀមចាត់ការ…

ភ្នំពេញ ៖ ដើម្បីសុវត្ថិភាពដល់អតិថិជនប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ធនាគារជាតិនៃកម្ពុជា បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គលដែលមិនមានអាជ្ញាប័ណ្ណ លួចធ្វើសកម្មភាពយ៉ាងសកម្មក្នុងការផ្ដល់ឥណទានជូនប្រជាពលរដ្ឋ, ហើយក៏សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះ ព្រោះអតិថិជនរបស់គ្រឹះស្ថានទាំងនោះ ត្រូវបានការពារដោយច្បាប់។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ដីពី ការផ្សព្វផ្សាយ និងផ្ដល់ឥណទានដោយខុសច្បាប់, ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កន្លងមកធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា មានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយយ៉ាងបើកចំហ ដោយផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ៖ ប្រព័ន្ធអនឡាញ, បណ្តាញសង្គម, ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិទផ្សាយតាមទីកន្លែងសាធារណៈនានាជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន និងការផ្តល់ឥណទានក្រៅផ្លូវការខុសច្បាប់គ្រប់រូបភាព , ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានា តាមនីតិវិធីច្បាប់ជាធរមាន។

ដើម្បីចៀសវាងការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការ និងដើម្បីរក្សាស្ថិរភាពក៏ដូចជា ជំនឿទុកចិត្តរបស់សាធារណជនក្នុងប្រព័ន្ធធនាគារនោះ ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការ មានអាជ្ញាប័ណ្ណពីធនាគារជាតិត្រឹមត្រូវតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម