ឆាណែលទូរទស្សន៍ NHK របស់ជប៉ុន នៅថ្ងៃទី ២៥ ខែឧសភា ម្សិលម៉ិញនេះ បានផ្សាយព័ត៌មានថា មន្ត្រីជាន់ខ្ពស់របស់មន្ត្រីកូរ៉េខាងជើងម្នាក់ បានទៅដល់ក្រុងប៉េកាំងតាមផ្លូវអាកាស ។
ក្បួនរថយន្តដឹកមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង មកទស្សនកិច្ចនៅប្រទេសចិន ។
ក្រុមអ្នកយកព័ត៌មានរបស់ NHK បានឃើញផ្ទាល់ភ្នែកនូវរថយន្តមួយគ្រឿងរបស់រដ្ឋាភិបាលចិន ចេញទៅទទួលមន្ត្រីកូរ៉េខាងជើង នាតំបន់ VIP របស់អាកាសយានដ្ឋាន ក្រោយមករថយន្តនេះ បានធ្វើដំណើរទៅកាន់ផ្ទះភ្ញៀវរដ្ឋាភិបាលនៅកណ្តាលក្រុងប៉េកាំង ។ គេពុំទាន់ដឹងច្បាស់ពីគោលបំណងនៃដំណើរទស្សនកិច្ចនេះទេ រីឯអត្តសញ្ញាណរបស់មន្ត្រីខាងលើ ក៏នៅពុំទាន់ដឹងច្បាស់ដែរ ។
ប្រការដែលគួរឲ្យកត់សម្គាល់នោះ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ បានមកទស្សនកិច្ចក្រុងប៉េកាំង ក្រោយពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសលុបចោលជំនួបកំពូលជាមួយមេដឹកនាំគីម នៅសិង្ហបុរីថ្ងៃទី ១២ ខែមិថុនា ។
ទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងខណៈពេលដែលទំនាក់ទំនងរវាងកូរ៉េនិងចិនត្រូវបានកែសម្រួលឡើងវិញ ប៉ុន្មានខែមកនេះ ។ តាមរយៈទស្សនកិច្ចពីរលើករបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ៕ សូយន