ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រទេសថៃ បាននាំពាក្យអតីត Chavalit Yongchaiydh ឲ្យដឹងថា ក្នុងការជជែកជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្មីៗនេះលោកថាក់ស៊ីន បានសម្តែងបំណងប្រាថ្នាចង់វិលត្រឡប់មកថៃ និង “នាំមកនូវរឿងល្អបំផុតដល់ពលរដ្ឋ” ។
អតីតនាយករដ្ឋមន្ត្រីថៃ
លោក Chavalit និយាយថា “លោកថាក់ស៊ីន ពុំបាននិយាយផ្ទាល់ជាមួយខ្ញុំអំពីរឿងចង់វិលត្រឡប់ទៅកាន់ប្រទេសថៃនោះទេ ប៉ុន្តែខ្ញុំដឹងថា លោកថាក់ស៊ីន មានបំណងបែបនេះ ។ យើងទាំងអស់គ្នាសុទ្ធសឹងចង់វិលត្រឡប់មកមាតុភូមិ ។ លោកថាក់ស៊ីន នៅតែស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រ និងប្រទេសជាតិ ។
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន បានចាកចេញពីប្រទេសថៃតាំងពីឆ្នាំ ២០០៨មកម្ល៉េះ មុនពេលតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទប្រើប្រាស់អំណាចជ្រុលហួសហេតុ ។
ទាក់ទិនដល់បញ្ហារៀបចំការបោះឆ្នោត លោក Chavalit អំពាវនាវឲ្យបង្កើតរដ្ឋាភិបាលបម្រុងមួយ យ៉ាងតិច ៥ខែ មុនពេលការបោះឆ្នោតប្រព្រឹត្តទៅ ។
គួររំលឹកថា លោក Chavalit ធ្លាប់កាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក ចន្លោះឆ្នាំ 1986-1990 ហើយក្លាយជានាយករដ្ឋមន្ត្រីថៃកំឡុងពេល ១៩៩៦-១៩៩៧ ៕ សូយន