នៅថ្ងៃទី ២៥ ខែឧសភា ឥណ្ឌូណេស៊ីបានអនុម័តច្បាប់ប្រឆាំងភេរវកម្មថ្មី ហើយតាមរយៈនោះវានឹងផ្តល់អំណាចបន្ថែមឲ្យប៉ូលិស ដើម្បីប្រតិបត្តិការរារាំងជនសង្ស័យជាភេរវករ ។
ប៉ូលិសឥណ្ឌូណេស៊ី
សកម្មភាពនេះ បានកើតឡើងក្នុងស្ថានការណ៍ដែលឥណ្ឌូណេស៊ីទើបរងទទួលនូវការវាយប្រហារជាបន្តបន្ទាប់ពីបណ្តាសមាសភាពអ៊ីស្លាមជ្រុលនិយម ។
តាមច្បាប់ថ្មីនេះ ប៉ូលិសមានសិទ្ធិឃាត់ខ្លួនមុខសញ្ញាសង្ស័យថាជាភេរវករក្នុងរយៈពេល ២១ថ្ងៃ ពោលគឺកើនឡើង ៣ដង ព្រោះបច្ចុប្បន្នគេមានសិទ្ធិឃាត់ខ្លួន ៧ថ្ងៃ តែប៉ុណ្ណោះ ។ ក្រៅពីនោះប៉ូលិសក៏អាចចោទប្រកាន់ដល់មុខសញ្ញាដែលដើរជ្រើសរើសមនុស្សឲ្យបណ្តាអង្គការ “ភេរវកម្ម” ទាំងនៅក្នុងនិងក្រៅប្រទេស ។
គួររំលឹកថា ច្បាប់នេះត្រូវបានផ្អាកបន្លាយពេលអស់ជិត ២ឆ្នាំ ទាល់តែប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ព្រមានថា នឹងប្រកាសភាពអាសន្នប្រសិនបើរដ្ឋសភាប្រទេសនេះនៅតែពុំអនុម័តច្បាប់ ក្នុងពេលដែលការបន្ទុះគ្រាប់បែកអត្តឃាតបានកើតឡើងផ្ទួនៗគ្នា នៅក្នុងព្រះវិហារក្បែរប៉ុសិ៍្តប៉ូលិសកាលពីថ្ងៃទី ១៣-១៤ ខែឧសភា ធ្វើឲ្យមនុស្ស ១៣នាក់ស្លាប់ ។
ម្យ៉ាងទៀតតម្រូវការអនុម័តច្បាប់ក៏ព្រោះតែប្រទេសនេះត្រៀមរៀបចំការប្រកួតកីឡាអាស៊ី នៅខែសីហាខាងមុខ ក៏ដូចជាសន្និសីទរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅខែតុលា ចុងឆ្នាំនេះ ៕ សូយន