ភ្នំពេញ៖ ធនាគារអេស៊ីលីដាភីអិលស៊ី បានរៀបចំវេទិកាពិភាក្សាជាមួយអ្នកជំនួញជោគជ័យនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហានេះ ដែលមានក្រុមហ៊ុនជាច្រើន ក្រោមការគ្រប់គ្រងរបស់សភាពាណិជ្ជកម្មជប៉ុនចូលរួម ហើយក៏ជាការជួបគ្នារវាងអ្នកធុរកិច្ចកម្ពុជា និងវិនិយោគិនជប៉ុន ចែករំលែកនិងផ្លាស់បទពិសោធន៍ ពិសេសដើម្បីស្វែងយល់ពីការធ្វើពាណិជ្ជកម្ម និងទីផ្សារកម្ពុជាឲ្យកាន់តែស៊ីជំរៅ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ការរៀបចំវេទិកាជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យនៅប្រទេសកម្ពុជានាពេលនេះ ក៏ដើម្បីលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ព្រោះនៅក្នុងវេទិកាពិភាក្សានេះ យើងបានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងហិរញ្ញវត្ថុ ព្រមទាំងព័ត៌មានទាក់ទិននឹងសេដ្ឋកិច្ច ដើម្បីរៀបចំផែនការវិនិយោគនៅកម្ពុជា។

គិតត្រឹមឆមាសទី១ ឆ្នាំនេះ មានក្រុមហ៊ុនហ៊ុនជប៉ុនថ្មីៗ បោះទុនវិនិយោគនៅកម្ពុជាចំនួន ៨ ក្រុមហ៊ុន។ នេះបើតាមការឱ្យដឹងពីលោក កាន់ដាយូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ហើយលោកសង្ឃឹមថា នៅឆ្នាំ២០២៣ខាងមុខនេះ នឹងមានក្រុហ៊ុនជប៉ុនជាច្រើនទៀត ចូលមកវិនិយោគនៅកម្ពុជា ដោយសារតែប្រទេសកម្ពុជា គ្រប់គ្រង និងបានទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើរ។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនប្រមាណជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅប្រទេសកម្ពុជា ដែលភាគច្រើនផ្តោតលើវិស័យទូទៅដូចជា ផ្នែកហិរញ្ញវត្ថុ និងធនាគារ ធានារ៉ាប់រង វិស័យសំណង់ និងងអចលនទ្រព្យ ពាណិជ្ជកម្ម ដឹកជញ្ជូន វិស័យផលិត និងសេវាកម្ម និងវិស័យផ្សេងៗទៀតជាច្រើន។ ក្រុមហ៊ុនជប៉ុនជាង ២៥០នេះ ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅសមាគមរបស់យើង។ ប៉ុន្តែមានក្រុហ៊ុនច្រើនទៀត ដែលកំពុងវិនិយោគនៅកម្ពុជា តែមិនបានចុះបញ្ជីជាមួយសមាគមនោះទេ។

លោក កាន់ដាយូហ្គូ (KANDA YOGO) បានគូសបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនជាង ២៥០ ក្នុងនោះមាន ២៥ ភាគរយវិនិយោគលើវិស័យកម្មមន្តសាល ២៥ ភាគរយវិនិយោគលើពាណិជ្ជកម្ម និងសេវាកម្ម និង ៥០ ភាគរយទៀតវិនិយោគលើវិស័យទូទៅ មានធនាគារ ធានារ៉ាប់រង និងវិស័យសំណង់ជាដើម។

គួរបញ្ជាក់ថា បើតាមលោកបណ្ឌិត អ៊ិន ចាន់នី បានឱ្យដឹងថា កម្លាំងលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែខ្លាំង ពិសេសឆ្នាំ២០២២ និងបន្តរីកចម្រើនដល់ឆ្នាំ២០២៧ខាងមុខទៀត៕

