ស្វាយរៀង ៖ លិខិតមួយច្បាប់ចុះហត្ថលេខាដោយលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង ផ្ញើទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បានស្នើសុំសម្តេចក្រឡាហោម មេត្តាជួយដល់សិស្សនិស្សិតដែលមានជីវភាពក្រីក្រចំនួន ២នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ លី គឹមស៊ុង ភេទប្រុស អាយុ២៨ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញានៅសកលវិទ្យាល័យជាតិគ្រប់គ្រង មានទីលំនៅបច្ចុប្បន្នភូមិក្របៅជួរ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ២.ឈ្មោះ ប្រាក់ វិច្ឆិកា ភេទស្រីអាយុ២៣ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យស្វាយរៀង ទីលំនៅបច្ចុប្បន្ននៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
លិខិតមួយច្បាប់ចុះហត្ថលេខាដោយលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង ផ្ញើទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ តាមរយៈលិខិតដែលគេហទំព័រ cen.com.kh ទទួលបាន ព្រមទាំងការជួបសម្ភាសន៍នឹងមន្ត្រីខេត្តមួយចំនួន ក៏ដូចជាពលរដ្ឋបានបង្ហាញឲ្យឃើញថា រឿងនេះហាក់ដូចជាមានភាពពុំប្រក្រតីមួយចំនួន ជាអាទិ៍ ៖
-ពិនិត្យនូវលិខិតនេះ មានទម្រង់រដ្ឋបាលជាលិខិតរបស់សាលាខេត្ត ព្រោះមានត្រានិងលេខលិខិត ខណៈពេលដែលខ្លឹមសារវាជារឿងឯកជនសុទ្ធសាធ ។
-ការស្នើរសុំចូលក្របខណ្ឌដោយមិនប្រលង ធ្វើឲ្យគ្រប់ស្រទាប់មន្ត្រីរាជការ និងប្រជាជន មានការថ្នាំងថ្នាក់ ព្រោះវាបានរំលោភទៅនឹងច្បាប់ និងបទកំណត់ផ្សេងៗ ដែលតម្រូវឲ្យមានយុត្តិធម៌គឺ “ប្រលង” ។
ទន្ទឹមនោះទង្វើខាងលើរបស់លោក ប្រាក់ សុវណ្ណ ក្នុងនាមជាអភិបាលរងខេត្ត បានបង្កឲ្យមានពាក្យចរចាមអារ៉ាមផ្សេងៗទៀត ជះឥទ្ធិពលដល់សាលាខេត្ត ដល់សម្តេចក្រឡាហោម ស ខេង ព្រោះគេថា លោកប្រាក់ សុវណ្ណ ហ៊ានធ្វើបែបនេះ ព្រោះលោកអាងខ្លួនថា ជាសាច់ញាតិរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
-ចំពោះខ្លួនលោកផ្ទាល់ក៏រងការចោទប្រកាន់ពីមជ្ឈដ្ឋានខាងលើថា ហ៊ានធ្វើបែបនេះ ព្រោះតែ… លាភសក្ការៈ!? ។
ប៉ុន្តែនៅយប់ម្សិលម៉ិញនេះ (២៥ ខែឧសភា) cen.com.kh បានទទួលព័ត៌មានថា លិខិតខាងលើត្រូវក៏បាន “បញ្ជា” ឲ្យដកហូតមកវិញហើយ ។
សូមអបអរចំពោះការឈ្លាសវៃ កែកំហុសទាន់ពេលរបស់ឯឧត្តមអភិបាលខេត្ត ហើយក៏ជាមេរៀនមួយចំពោះលោកអភិបាលរងខេត្ត ប្រាក់ សុវណ្ណ ផងដែរ ព្រោះពីជាអតីតចៅហ្វាយស្រុកម្នាក់នៅព្រៃវែង (ស្រុកកំចាយមារ) ររហូតបានតែងតាំងជាអភិបាលរងខេត្ត ប្រាកដណាស់លោកពុំអាចមិនយល់ដឹងអំពីនីតិវិធីរដ្ឋបាលនោះទេ ៕ វ៉ៃកូ-បូព៌ា
លោកអភិបាលរងខេត្តស្វាយរៀង ប្រាក់ សុវណ្ណ ដែលជា “ម្ចាស់លិខិត”