Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តម្លៃទុនដំណាក់កាលដំបូងប្រមាណ ១០០លានដុល្លារ លើកដំបូង នឹងសាងសង់នៅស្រុកពញាឮ

ភ្នំពេញ៖ រោងចក្រ និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានវិនិយោគក្រោមកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន ក្នុងតម្លៃទុនដំណាក់កាលដំបូងប្រមាណ ១០០លានដុល្លារ ដែលនឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល។​

គម្រោងបង្កើតរោងចក្រច្រក និងងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩នេះ កើតចេញពីគំនិតផ្តួចផ្តើម និងការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើទៅកាន់ភាគីចិន នាពេលកន្លងទៅនេះ ហើយត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ក្នុងអំឡុងអញ្ជើញចុះពិនិត្យដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រោងចក្រនេះ នឹងត្រូវសាងសង់ឡើងដោយឈរលើមូលដ្ឋានបច្ចេកវេជ្ជសាស្ត្រ មានអគារសម្រាប់​ផលិត រក្សាទុកវ៉ាក់សាំង រក្សាកាកសំណល់ និងកន្លែងស្នាក់នៅរបស់កម្មករជាដើម។ ឯកឧត្តម បានបញ្ជាក់ថា រោងចក្រនេះ គឺបម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំង Sinovac ដែលនឹងដឹកមកពីប្រទេសចិន ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ១០៤លានដូស ដែលនឹងត្រូវវេចខ្ចប់នៅក្នុងរោងចក្រនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបានបង្ហាញការរំពឹងទុកថា បើមានរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ថ្ងៃក្រោយកម្ពុជាចង់ផលិតវ៉ាក់សាំងអ្វីក៏បាន ដោយសារមានមូលដ្ឋានស្រាប់៕

×