ភ្នំពេញ៖ បច្ចុប្បន្ននេះ ស្របពេលដែល ប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួនពីររួចហើយ ជាមួយចិន និងកូរ៉េខាងត្បូង កម្ពុជា សម្លឹងមើលប្រទេសជប៉ុន ជាដៃគូពាណិជ្ជកម្មអាទិភាព សម្រាប់ការពិភាក្សា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលនឹងត្រូវបង្កើតឡើង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កម្ពុជាខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា បើទោះបីជាក្រុមហ៊ុននោះតូច ឬធំក៏ដោយ ដូច្នេះអ្នកដែលមកដល់កម្ពុជាមុន គឺកម្ពុជាស្វាគមន៍ជានិច្ច។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជា ត្រូវធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់មកកម្ពុជា មានជំនឿលើកម្ពុជា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ CDC បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបប្រមាណ ២,៩ ពាន់ លានដុល្លារ។

ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ក៏បានឈានដល់តម្លៃទឹកប្រាក់សរុប ១,១៣ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ ដោយបានកើនឡើង ១៦,២ភាគរយ ពីចំនួនទឹកប្រាក់ ៩៧៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យដដែលនេះ បានបង្ហាញទៀតថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញទៅលក់នៅទីផ្សារជប៉ុន ក្នុងតម្លៃទឹកប្រាក់ ៦៦៧លានដុល្លារ និងនាំចូលទំនិញពីជប៉ុនមកវិញ មានតម្លៃទឹកប្រាក់ ៤៦៩លានដុល្លារ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ កើនឡើង ១១,៧% និង២៣,១% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ទិន្នន័យនេះ បានបង្ហាញថា មានអតិរេកពាណិជ្ជកម្មរបស់កម្ពុជាជាមួយជប៉ុនមានចំនួន ១៩៨លានដុល្លារ។
គួរបញ្ជាក់ថា ការនាំចេញមុខទំនិញសំខាន់ៗរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន រួមមាន៖ សម្លៀកបំពាក់ ស្បែក ជើង កាបូប គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ផលិតផលកសិកម្ម និងផលិផលស្បែក។ ដោយឡែក កម្ពុជាបាននាំចូលគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិកពីប្រទេសជប៉ុន៕