Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលដ្ឋានអាជីវកម្មជាងពាក់កណ្តាលក្នុងខេត្តសៀមរាបនៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការនៅឡើយទេ

ភ្នំពេញ៖ ក្រោយពេលដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ៤៦% ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ ខណៈមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀតនៅទីនោះ មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តនេះប្រមាណ ៩០% បានផ្អាក និងបិទអាជីវកម្ម។ ចំណែក ខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។ នេះបើតាមការចេញផ្សាយដោយក្រសួងទេសចរណ៍នៅចុងសប្តាហ៍មុនេះ។

បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ បច្ចុប្បន្ននៅទូទាំងប្រទេស មានភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តមកកម្ពុជាមាន ប្រមាណ៥០០០នាក់ ក្នុងនោះនៅខេត្តសៀមរាប មានប្រមាណពី ៧០០នាក់ទៅ៨០០នាក់ នៅក្នុងមួយថ្ងៃ។

បច្ចុប្បន្ន មានភោជនីយដ្ឋានចំនួនសរុប ២៥២៩ ទីតាំង ក្នុងនោះ ជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។

បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជា មានសរុបមានចំនួន ៧៣៩ទីតាំង ក្នុងនោះ ៥២០ទីតាំង កំពុងបើកដំណើរការ, ១៩០ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ទីតាំងផ្សេងទៀត បានសម្រេចបិទអាជីវកម្មតែម្តង៕

×