សៀមរាប៖ បន្ទាប់ពីអគារពេទ្យ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន សាងសង់រួចរាល់ហើយ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយ នៅក្នុងតំបន់នៅឆ្នាំ២០២៣ ។

បើតាមការឲ្យដឹងពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យមើលដំណើរការសាងសង់អគារមន្ទីរពេទ្យនេះ បានឱ្យដឹងថា ការសាងសង់នេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ក្នុងងការធ្វើឱ្យ ការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់កាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ នៅពេលអគារនេះសាងសង់ហើយ និងបំពាក់បរិក្ខាពេទ្យទំនើបៗ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។

សៀមរាប ជាខេត្តមួយដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិជាច្រើន ដូចនេះ ជំនួយឧបត្ថមរបស់ប្រទេសជប៉ុន ក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខាពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ មកទល់ពេលនេះវឌ្ឍនភាពនៃការសាងសង់អាគារនេះ សម្រេចបាន ១៧.៣៨% បើតាមផែនការអគារមួយខ្នងនេះ នឹងរួចរាល់នៅឆ្នាំ២០២៣។


គួរបញ្ជាក់ថា អគារមន្ទីរពេទ្យនេះ ប្រើប្រាស់សម្រាប់សេវាឯកទេសវះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA) រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឧបត្ថម្ភទឹកប្រាក់ជាង ១៩លានដុល្លា សម្រាប់ការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមួយខ្នង មានផ្ទៃដីក្រឡាសំណង់ទំហំ ៧ ២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង ២៥ម៉ែត្រ គុណនឹង ៦៩ម៉ែត្រ ដែលបានដំណើរការសាងសង់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក៕

