Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង រកចំណូលពីល្បែងពាណិជ្ជកម្មជិត ៤០លានដុល្លារអាមេរិក រយ:ពេល ៦ខែ, មហាជនរិះគន់ឱ្យកំណត់អត្តសញ្ញាណ…

ភ្នំពេញ ៖ បើតាមរបាយការណ៍ បានបង្ហាញថា ឆមាសទី១ ឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ប្រមាណជិត ៤០លានដុល្លារអាមេរិក។

ទោះជាយ៉ាងនេះក្ដី ក៏ត្រូវបានមហាជនរិះគន់ និងផ្ដល់យោបល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធដទៃទៀត គួរណាស់តែបែងចែកឲ្យច្បាស់ថា អ្វីជាល្បែងពាណិជ្ជកម្ម និងអ្វីជាល្បែងស៊ីសង?! ព្រោះថា បច្ចុប្បន្ន គេឃើញមានល្បែងស៊ីសងជាច្រើន ដូចជា ល្បែងភ្នាល់បញ្ជល់មាន់, ឆ្នោតឡូតូ , ខ្លាឃ្លោក , រ៉ូឡិច , បៀ (ល្បែងស្លុតម៉ាស៊ីនជាច្រើនប្រភេទ) លេងភ្នាល់ស៊ីសងជារបៀបកាស៊ីណូទៅហើយ ជ្រកក្រោមហាងកាហ្វេ ពាសវាលពាសកាលស្ទើរតែទូទាំងប្រទេស រីឯសមត្ថកិច្ច ជួនបង្ក្រាបបាន, ជួនបង្ក្រាបមិនបាន។

របាយការណ៍ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញទៀតថា ចំណូលប្រមូលបានពីកាតព្វកិច្ចពីល្បែងសរុប ប្រមាណជាង ៣ លានដុល្លារអាមេរិក ស្មើនឹង ៩.៦៥%នៃផែនការ, ក្នុងនោះមាន ចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ មានចំនួនប្រមាណ ៣.១ ដុល្លារ ស្មើនឹង ៨.៥% ធៀបនឹងផែនការ និងចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាង ( ឆ្នោត-ឡូតូ) មានចំនួនប្រមាណជាង ៤៦ម៉ឺនដុល្លារ ស្មើនឹង ៨២.១៨%ធៀបនឹងផែនការ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានរៀបចំលិខិតស្តីពីការបង់កម្រៃសិទ្ធិផ្តាច់មុខប្រចាំឆ្នាំ២០២១របស់ក្រុមហ៊ុន ដែលមានទឹកប្រាក់សរុបចំនួន ៦០០,០០០ដុល្លារ និងបានរៀបចំលិខិតរំលឹកដល់ប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូចំនួន ២២ក្រុមហ៊ុន ដែលមិនទាន់បំពេញចំណូលកាតព្វកិច្ចពីល្បែងនេះ ជូនរដ្ឋប្រចាំខែ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២២។

ក្នុងរយៈពេល៦ខែនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចុះត្រួតពិនិត្យ និងវាយតម្លៃដល់ទីកន្លែងលើពាក្យស្នើសុំអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនកាស៊ីណូ ចំនួន១២៥ និងក្រុមហ៊ុនល្បែងផ្សងសំណាង ចំនួន ២២ , ព្រមទាំងបានពិនិត្យបែបបទ និងវាយតម្លៃលើការស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ របស់ប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូ និងល្បែងផ្សងសំណាង ដោយដំណាក់កាលទី១ បានសម្រេចផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនកាស៊ីណូចំនួន ១៣ ។

ដោយសារមានល្បែងស៊ីសងច្រើនប្រភេទ បានបន្លំជ្រកលេងភ្នាល់ប្រមូលលុយប្រជាពលរដ្ឋនៅតាមហាងកាហ្វេយ៉ាងសន្ធឹកសន្ធាប់ ទើបមហាជនរិះគន់ និងផ្ដល់យោបល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធដទៃទៀត គួរណាស់តែបែងចែកឲ្យច្បាស់ថា អ្វីជាល្បែងពាណិជ្ជកម្ម និងអ្វីជាល្បែងស៊ីសង?! ព្រោះថា បច្ចុប្បន្ន គេឃើញមានល្បែងស៊ីសងជាច្រើន ដូចជា ល្បែងភ្នាល់បញ្ជល់មាន់, ឆ្នោតឡូតូ , ខ្លាឃ្លោក , រ៉ូឡិច , បៀ (ល្បែងស្លុតម៉ាស៊ីនជាច្រើនប្រភេទ) លេងភ្នាល់ស៊ីសងជារបៀបកាស៊ីណូទៅហើយ ជ្រកក្រោមហាងកាហ្វេ ពាសវាលពាសកាលស្ទើរតែទូទាំងប្រទេស, ហើយបញ្ជាក់ប្រាប់សមត្ថកិច្ចឲ្យច្បាស់ថា អ្វីជាល្បែងស្របច្បាប់ (ល្បែងពាណិជ្ជកម្ម) និងអ្វីដែលជាល្បែងមិនស្របច្បាប់ (លេងភ្នាល់ស៊ីសងលុយមៅតាមហាងកាហ្វេ)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN