Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផលិតហូល ផាមួងដោយដៃ នៅក្រុងបាត់ដំបង នៅតែបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ភ្នំពេញ៖ បាត់ដំបង ជាក្រុងដែលមានវិស័យទេសចរណ៍ដ៏ទាក់ទាញ រីឯការផលិតហូល ផាមួង ការបូប និងវត្ថុអនុស្សាវរីយ៍ ដែលជាការផលិតដោយដៃរបស់ក្រុមស្ត្រីសហគមន៍នៃកុមារព្រំដែន ស្ថិតនៅភូមិចម្ការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង អាចរកចំណូលបានសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារបានមួយកម្រិតទៀត បន្ទាប់ពីរងគ្រោះដោយសារតែវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ប្រធានក្រុមសម្របសម្រួលក្រុមស្ត្រីផលិតហូលផាមួងកាបូប និងវត្ថុអនុស្សាវរីយ៍របស់ក្រុមស្ត្រីសហគមន៍នៃកុមារព្រំដែន កញ្ញា ហៃ វ៉ាន់ណារី បានឲ្យដឹងថា បច្ចុប្បន្ននេះ សហគមន៍មានស្ត្រីចំនួន១២នាក់ បានចូលរួមក្នុងការងារផលិត ដោយប្រាំមួយនាក់ជាអ្នកត្បាញ និងប្រាំមួយនាក់ទៀតជាជាងកាត់ដេរ ។

ប្រធានក្រុមសម្របសម្រួលក្រុមស្ត្រីផលិតហូលផាមួងរូបនេះ បានបន្តថា ការផលិតហូលផាមួងមួយៗត្រូវឆ្លងកាត់ច្រើនដំណាក់កាលដូចជា ស្ងោរលាក់ខ្មែរជ្រលក់ច្រើនដង ហើយត្បាញម្ដងមួយសរសៃម្ដងមួយសរសៃ ទម្រាំផលិតបានហូលមួយ ត្រូវប្រើពេលច្រើនថ្ងៃ ក្រៅពីនេះនៅមានការផលិតជាកាបូប កន្សែង និងគ្រឿងអនុស្សាវរីយ៍ផ្សំគ្នាផងដែរ ចំណែកទីផ្សារវិញ បច្ចុប្បន្នល្អគួរសម បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩។

ការផលិតហូលផាមួង និងវត្ថុអនុស្សាវរីយ៍ ត្រូវបានក្រុមការងារស្ត្រីយកទៅដាក់តាំងបង្ហាញលក់នៅក្នុងពិធីតាំងពិព័រណ៍ ដែលរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងផងដែរ ចំពោះតម្លៃវិញ ហូលផាមួងមួយមានតម្លៃ ៧៥ដុល្លារ កន្សែងមួយ មានតម្លៃ ៣ដុល្លារ។

គួរបញ្ជាក់ថា បើប្រធានក្រុមសម្របសម្រួលក្រុមស្ត្រីផលិតហូលផាមួងកាបូប និងវត្ថុអនុស្សាវរីយ៍របស់ក្រុមស្ត្រីសហគមន៍នៃកុមារព្រំដែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រ ហូល ផាមួង  កាបូប កន្សែង និងវត្ថុអនុស្សាវរីយ៍ ដែលផលិតដោយដៃរបស់ក្រុមស្ត្រីសហគមន៍ ដើម្បីជួយឲ្យស្ត្រីមានការងារធ្វើនិងរកប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ៕

×