ភ្នំពេញ ៖ ក្រុមធុរកិច្ចជន និងវិនិយោគជប៉ុន កំពុងតែស្វែងរកឱកាសបង្កើតក្រុមហ៊ុន វិនិយោគ បណ្ដាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត, នេះបើតាមការលើកឡើងក្នុងជំនួបពិភាក្សារវាងគណៈប្រតិភូធុរកិច្ចជន និងអ្នកវិនិយោគរបស់ជប៉ុនតំណាងឱ្យក្រុមហ៊ុនជប៉ុនចំនួន១៤ ដឹកនាំដោយតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ប្រចាំនៅកម្ពុជា JETRO ជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាដែលធ្វើឡើង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកស្រី ម៉ារីសា ហារុតា (Marisa Haruta) តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO ប្រចាំរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា គោលបំណងនៃគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុន មកកាន់កម្ពុជានាពេលនេះ គឺដើម្បីឱ្យពួកគេបានស្វែងយល់ពីបរិយាកាស និងស្ថានភាពជាក់ស្ដែង ព្រមទាំងបានស្តាប់ដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំស្ថាប័នដទៃទៀត ទាក់ទងទៅនឹងការធ្វើពាណិជ្ជកម្ម វិនិយោគ លិខិតបទដ្ឋានគតិយុត្ត និងច្បាប់ទម្លាប់។
លោកស្រី ម៉ារីសា ហារុតា (Marisa Haruta) តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO បានលើកឡើងជាសំណួរថា អ្វីដែលសំខាន់នោះ គឺក្រុមធុរកិច្ចជន និងវិនិយោគជប៉ុន ចង់ដឹងរបៀបសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិនជប៉ុន ឱ្យពិចារណាក្នុងការប្រកបអាជីវកម្ម និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឆ្លើយតបថា កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ ដែលត្រៀមខ្លួនមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា, ហើយថា ក្រសួងពាណិជ្ជកម្ម នឹងធ្វើកិច្ចសហប្រតិបត្តការជាមួយក្រុមធុរកិច្ចជន និងវិនិយោគិនជប៉ុនទាំងអស់ឱ្យបានល្អ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,៧០០លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,០៩៣លានដុល្លាអាមេរិក រីឯជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់ប្រមាណជាង ៦០៧លានដុល្លាមេរិក។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន មានផលិតផល ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលផ្សេងទៀត, រីឯជប៉ុនវិញ នាំចូលមកកាន់កម្មកម្ពុជា រថយន្ត, គ្រឿងចក្រ, គ្រឿងម៉ាស៊ីន, គ្រឿងអេឡិចត្រូនិច, គ្រឿងប្រើប្រាស់ដោយអគ្គីសនី, អាហារ ភេសជ្ជៈ..។ល។ ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









