បើតាមការចុះផ្សាយក្នុង ទំព័រ Facebook ផ្លូវការរបស់ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា «នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិន បានផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងការនាំចេញផលិតផលពោតនៅកម្ពុជា ទៅកាន់ប្រទេសចិន បន្ទាប់ពីកសិផលដ៏សំខាន់មួយនេះបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិនពេញលេញ។
មានន័យថា ខ្លឹមសារខាងលើនេះ ត្រូវបានបញ្ជាក់ជាថ្មីម្ដងទៀត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ដោយកំណត់ថា ផលិតផលពោតនៅប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិន។ បន្ថែមពីនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នេះ គឺជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២នេះ ដែលជាការជំរុញឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា បានបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកបង្ហាញថា មកដល់ពេលនេះ ភាគីចិន បានបង្កើនចំនួនកសិផលរបស់កម្ពុជាកាន់តែច្រើន សម្រាប់នាំទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ដែលពីពេលមុនកសិផលទាំងនេះ បាននាំចូលទៅប្រទេសទី២ជាមុនសិន រួចទើបនាំចេញបន្តទៅប្រទេសចិន។
ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញទៅកាន់ប្រទេសចិន រួមមាន អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក និងផ្លែស្វាយ ខណៈថ្មីៗនេះទៀត ផ្លែមៀន ប៉ៃលិន (តាង៉ែន) និងត្រីប្រា ក៏ត្រូវបានភាគីចិន អនុញ្ញាតឲ្យកម្ពុជានាំចេញទៅកាន់ប្រទេសចិនផងដែរ រង់ចាំតែពេលវេលាសមស្របប៉ុណ្ណោះ៕ ពិសិដ្ឋ CEN















