ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ២:៣០នាទីរសៀល ដល់ម៉ោងប្រមាណជា ៧យប់ ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។
ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន ៣លើក ភាគីតំណាងកម្មករនិយោជិតបានបន្ថយតួលេខពី ចំនួន ២១៥ដុល្លារអាម៉េរិក មកតួលេខ ២១៣ដុល្លារអាម៉េរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះ។ ក្រោយការប្រជុំ ផ្ទៃក្នុងចំនួន ២លើក ភាគីនិយោជកក៏បានដំឡើងតួលេខពីចំនួន ១៩៤ដុល្លារអាម៉េរិក ទៅតួលេខ ១៩៦ដុល្លារ អាម៉េរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះដែរ។ ភាគីទាំងពីរបានបន្តពន្យល់ និងការពារគោលជំហររបស់ខ្លួនទៅ វិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ភាគីរាជរដ្ឋាភិបាលក៏បានបន្ត សម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកផងដែរ។ តាមលក្ខណបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណវិនិច្ឆ័យទាំង ៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមានោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគណនាឃើញថាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ១៩៧,៨៦ដុល្លារអាម៉េរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណត្រីភាគីបន្តទៀត នៅម៉ោង ២:៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅម៉ោង ២:៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈចេស្តារ







