ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋលេខារដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា នៅក្នុងរយៈពេល ៧ខែឆ្នាំ ២០២២នេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៦ក្រុមហ៊ុន បានបើកដំណើរការហោះហើរឡើងវិញ ដែលស្មើនឹងជាង ៥០% ពីចំនួនសរុប ៥១ក្រុមហ៊ុន ដែលបានធ្វើប្រតិបត្តិការហោះហើរកាលពីឆ្នាំ ២០១៩។

ក្រសួងពាណិជ្ជកម្ម បានជួយសម្របសម្រួលការងារនានា រហូតដល់ក្រុមហ៊ុន Fedex អាចចាប់ផ្ដើមការហោះហើរត្រង់ មកកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២២ នេះតទៅ។
តាមការព្យាករណ៍ ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាស ក្នុងប្រទេសកម្ពុជា នឹងអាចកើតមានឡើងស្មើនឹងចំនួនចរាចរណ៍ឆ្នាំ២០១៩ នៅចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤ ស្របទៅតាមនិន្នាការ នៃការស្ទុះងើបឡើងវិញរបស់ពិភពលោកប្រសិនបើគ្មានអ្វីប្រែប្រួលទេ។

ការដឹកជញ្ជូនតាមផ្លូវអាកាស ប្រទេសកម្ពុជាបានកត់ត្រាការធ្លាក់ចុះ ៤,៤ភាគរយនៃបរិមាណទំនិញតាមផ្លូវអាកាសមកត្រឹម ៣៤.៥៤៧តោន ក្នុងអំឡុងពេលប្រាំពីរខែដំបូងឆ្នាំនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសដ៏ធំ Fedex របស់អាម៉េរិក ក៏គ្រោងធ្វើការហោះហើរត្រង់មកកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២២នេះ។

គម្រោងហោះហើរត្រង់របស់ក្រុមហ៊ុននេះ បានឱ្យដឹងតាមរយៈ ជំនួបពិភាក្សាការងាររវាងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយនឹង លោក Wallace K.Hsueh និងលោកស្រី Audrey Cheong អគ្គនាយករងក្រុមហ៊ុន Fedex កាលពីពេលថ្មីៗនេះ ដោយការបើកជើងហោះហើរត្រង់មកកម្ពុជារបស់ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញការងើបឡើងវិញដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
បើតាមឯកឧត្តម បួន សារៈមុនី ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មកម្ពុជា មានការរីកចម្រើនគួរឱ្យគាត់សម្គាល់ ជាពិសេសទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានការកើនឡើងនៅឆមាសទី១ នៃឆ្នាំ២០២២ ចំនួន ៦១,៥៤% បើធៀបនឹងឆមាសទី ១នៃឆ្នាំ ២០២១កន្លងទៅ៕