Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូធុរកិច្ចជប៉ុន មកពីវិស័យជាច្រើន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ​

ភ្នំពេញ៖ ក្នុងឱកាសស្វែងរកការវិនិយោគនៅកម្ពុជា គណៈប្រតិភូវិនិយោគជប៉ុន ដែលដឹកនាំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋមួយចំនួន សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ប្រតិភូធុរកិច្ចជប៉ុន មកពីវិស័យជាច្រើន ដូចជា ចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូជីស្ទីក ធនាគារ សំណង់ និងអចលនទ្រព្យសរុបប្រមាណ ៣០នាក់ ដឹកនាំដោយលោកស្រី Marisa Haruta តំណាងអង្គការ JETRO ប្រចាំកម្ពុជា បានកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពធុរកិច្ច និងដៃគូពាណិជ្ជកម្ម។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា វិនិយោគិនជប៉ុន តែងតែផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០២១ ដូចជា កិច្ចសម្របសម្រួល ការធានា និងការការពារ ការលើកទឹកចិត្ត និងការថែទាំវិនិយោគ។

គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគចំនួន ១៤៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨៥ប៊ីលានដុល្លារ។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញទៅទីផ្សារជប៉ុន ក្នុងតម្លៃទឹកប្រាក់ ៦៦៧លានដុល្លារ និងនាំចូលទំនិញពីជប៉ុនមកវិញ មានតម្លៃទឹកប្រាក់ ៤៦៩លានដុល្លារ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ កើនឡើង ១១,៧% និង២៣,១% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១៕

×