ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាការល្អ ! រៀបចំវេទិកាអ្នកផលិត អ្នកលក់ និងអ្នកទិញ បណ្ដុះគំនិតពង្រីកផលិតផល ពង្រឹងគុណភាព និងការស្វែងរកទីផ្សារ

ភ្នំពេញ ៖ ការធ្វើអាជីវកម្មអ្វីមួយដែលឈានទៅរកចំណូលសមប្រកបបាន លុះណាតែមានអ្នកទិញ ហើយបើគ្មានអ្នកទិញនោះទេអាជីវកម្មនោះនឹងមិនជោគជ័យឡើយ រាប់ទាំងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម, ដោយហេតុនេះហើយ រដ្ឋបាលខេត្តសៀមរាប និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ បានរៀបចំវេទិកាធ្វើបទបង្ហាញពាក់ព័ន្ធនឹងអ្នកផលិត អ្នកលក់ និងអ្នកទិញជួបគ្នា។

វេទិកានេះធ្វើឡើង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ តាមគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិត និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងM/SMEs ក្នុងគោលបំណងធ្វើឲ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផល និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ និងជំរុញឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។

ចំណែក លោក សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានបញ្ជាក់ថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកលក់ និងអ្នកទិញ គឺទាមទារឲ្យមានការសាមគ្គី ឈរលើគោលការណ៍សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារ តម្លៃទីផ្សារ និងទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពី ក្រសួង អង្គភាព មន្ទីរ ស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញ ឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៍ដូចជាពង្រឹងគុណភាព សមត្ថភាពពាណិជ្ជកម្ម និងការស្វែងរកដៃគូ ព្រមទាំងទីផ្សារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម