សុភាពនារីទាំងឡាយ ធ្លាប់នឹកឆ្ងល់ខ្លះទេថា ពេលយើងចង់និយាយរឿងអ្វីមួយជាមួយគូស្នេហ៍ ហេតុម៉េចបានជាគេ ហាក់ដូចជាមិនសូវចង់ស្តាប់អ្វី ដែលយើងចង់ប្រាប់គេនោះសោះអ៊ីចឹង ជួនកាលធ្វើឫកជាតាំងចិត្តស្តាប់ តែការពិតវិញ គេបែរជាលួចនឹកទៅរឿងឯណាផ្សេងទៅវិញ ធ្វើឲ្យនារីជាច្រើនមានអារម្មណ៍ធុញទ្រាន់ ចំពោះទង្វើបែបនេះរបស់គូស្នេហ៍ ឬស្វាមីជាខ្លាំង។ ដូច្នេះបើអ្នកណាកំពុងស្ថិតក្នុងស្ថានការណ៍បែបនេះ សូមកុំអាលឆេវឆាវ ចូរនាំគ្នាមកស្ដាប់ពីគន្លឹះល្អៗក្នុងការនិយាយឱ្យគូស្នេហ៍តាំងចិត្តស្តាប់វិញប្រសើរជាង។
១.និយាយចំៗ ត្រង់ៗ
មូលហេតុមួយដែលធ្វើឱ្យបុរសៗមិនសូវចូលចិត្តស្តាប់នារីៗនិយាយនោះ ព្រោះនារីៗច្រើនតែនិយាយកាច់កុង ហូរហែ បូបាច់ច្រើនពេក ឬអ្នកខ្លះទៀត និយាយត្រឡប់ត្រឡឹន រហូតមិនដឹងថាចង់និយាយអំពីស្អីក៏មានដែរ ដូច្នេះបើអ្នកមានអ្វីនៅក្នុងចិត្ត គួរតែនិយាយចេញមកឱ្យត្រង់ៗ ឬនិយាយចូលសាច់រឿងតែម្តងទៅ។
២.និយាយតែរឿងដែលគេចាប់អារម្មណ៍
នារីភាគច្រើន ច្រើនចូលចិត្តនិយាយតែរឿងរបស់ខ្លួនឯង ឬមិនទេ ក៏និយាយតែរឿងដែលខ្លួនឯងចាប់អារម្មណ៍ ដូចជា រឿងតារា រឿងម៉ូដខោអាវ និងរឿងតុបតែងខ្លួន ដែលរឿងពួកនេះ បុរសៗមិនសូវជាយល់ប៉ុន្មានទេ ខ្លាំងណាស់ក៏បានត្រឹមតែអង្គុយងក់ក្បាលតាមសម្ដីរបស់អ្នកប៉ុណ្ណោះ។ ដូច្នេះអ្នកគួរតែបបួលគេនិយាយក្នុងរឿងដែលគេជំនាញ និងចាប់អារម្មណ៍ ដូចជារឿងតិចណូឡូជី ឡាន ហ្គេម បាល់ទាត់-ល- ហើយបើនារីណាអាចនិយាយជជែកក្នុងរឿងទាំងអស់នេះបាន គឺជានារីដែលមើលទៅមានមន្តស្នេហ៍ និងគួរឱ្យជជែកលេងជាមួយខ្លាំងណាស់។
៣.និយាយឱ្យត្រូវពេលត្រូវវេលា
ជួនកាលពេលដែលបុរសមិនស្តាប់ពីអ្វីដែលអ្នកនិយាយនោះ មិនមែនមកពីគេមិនចាប់អារម្មណ៍ទេ តែអាចដោយសារពេលនោះ គេកំពុងតែមានរឿងពិបាកចិត្ត ឬស្ថិតនៅក្នុងអារម្មណ៍ដែលចង់នៅស្ងាត់ៗតែម្នាក់ឯង ដូច្នេះបើអ្នកត្រូវការពិភាក្សា និងជជែកជាមួយគេអំពីរឿងអ្វីមួយនោះ អ្នកគួរតែចេះជ្រើសរើសរកពេលណាដែលគេស្ថិតក្នុងអារម្មណ៍ធម្មតា ទើបជាការប្រសើរជាង ព្រោះវាជាពេលដែលគេព្រមទទួល និងតាំងចិត្តស្តាប់អ្នកខ្លាំងបំផុត។
៤.អធិប្បាយពីហេតុផល
ក្នុងករណីដែលគេមិនចាប់អារម្មណ៍ ឬមិនព្រមទទួលស្តាប់នូវអ្វីដែលអ្នកនិយាយ អ្នកគួរតែអធិប្បាយ ឬសម្តែងពីអារម្មណ៍របស់អ្នកចេញទៅថា ពេលនេះអ្នកកំពុងតែមានអារម្មណ៍ ឬកំពុងតែគិតពីអ្វី ដូចជាមានអារម្មណ៍កង្វល់សោកស្តាយ ឬព្រួយបារម្ភអំពីគេខ្លាំងប៉ុនណា រួចហើយសឹមនិយាយចូលសាច់រឿង ដើម្បីឱ្យគេបានយល់ពីអារម្មណ៍ និងបើកចិត្តទទួលស្តាប់ពាក្យសម្ដីរបស់អ្នកកាន់តែខ្លាំងឡើង។
៥.អរគុណគេ ដែលព្រមទទួលស្តាប់
មើលទៅ វារាងដូចជារឿងចម្លែកបន្តិចហើយ ដែលត្រូវអរគុណគូស្នេហ៍ ឬស្វាមី បន្ទាប់ពីគេព្រមទទួលស្តាប់រឿងរ៉ាវរបស់អ្នក តែនៅក្នុងជីវិតពិតវិញ រឿងតូចតាចកំប៉ិកកំប៉ុកបែបនេះ អាចជួយឱ្យគេមានអារម្មណ៍ល្អ និងថែមទាំងជាការសម្តែងឱ្យគេបានដឹងផងដែរថា គេមិនមែនត្រឹមតែជាកន្លែង សម្រាប់ទម្លាយអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ តែគេជាមនុស្សដ៏សំខាន់ម្នាក់របស់អ្នក ដែលនឹងផ្តល់នូវពាក្យណែនាំ និងជាអ្នកដែលនៅចាំផ្តល់កម្លាំងចិត្តដល់អ្នកជានិច្ចទៀតផង។
ចូរសាកល្បងយកវិធីខាងលើនេះទៅអនុវត្តសាក-លមើល ធានាថា ចាប់ពីពេលនេះទៅ ជីវិតគូរបស់អ្នកនឹងប្រកបទៅដោយការយល់ចិត្តយល់ថ្លើមគ្នា រស់នៅដោយភាពជឿជាក់លើគ្នាទៅវិញទៅមក និងមិនអាចអត់គ្នាបានឡើយ៕