Tuesday, May 24, 2022

​សាលាដំបូង​ខេត្តកំពង់ចាម ឃុំខ្លួន​ស្ត្រី​ម្នាក់ ជួញដូរ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ចិន​

កំពង់ចាម ៖ ស្ត្រី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ចិន ត្រូវបាន​លោក​ស្រី លី ម៉ា​រី​ណា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន យោង​ទៅតាម​មាត្រា​១១​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែល​បាន​ប្រព្រឹត្ត​ក្នុង​ការនាំ​ល្បូងលួងលោម​ក្មេងស្រី​ម្នាក់ យក​ទៅ​ប្រទេស​ចិន នៅ​ភូមិ​ក្រដាស់​(​ខ​) ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​

​សូម​រំលឹក​ផង​ដែរថាៈ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ជនរងគ្រោះ ប្តឹង​ឈ្មោះ ឈៀង លី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ក្រដាស់​(​ក​) ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​បាន​នាំ​ជនរងគ្រោះ​ឆ្លងដែន​ដោយ​ខុសច្បាប់ យកចេញ​ទៅ​ប្រទេស​ចិន​ដើម្បី​លក់​ឱ្យ​បុរស​ជនជាតិ​ចិន​ធ្វើជា​ប្រពន្ធ​។ បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចិន ជួយសង្គ្រោះ និង បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំពេញ​។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​របស់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​កំពង់ចាម​បាន​ចុះ​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត និង ចងក្រង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដើម្បី​ចាត់ការ​តាមច្បាប់​។ លុះដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ចុះ​បង្ក្រាប​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន របស់​អយ្យការ អម​សាលាដំបូង​ខេត្ត​កំពង់ចាម ហើយ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឈៀង លី បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដើម្បី​ចាត់ការ​តាមច្បាប់​។​

យោងតាម​ដីកា​បង្គាប់​របស់​លោកស្រី លី ម៉ា​រី​ណា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ចាម ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ចាម បាន​ទទួលយក​ជនជាប់ចោទ​ពី​សមត្ថកិច្ច ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​