ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ” ជាតម្រូវការចាំបាច់ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការគ្រប់គ្រងទំនិញ និងសារធាតុគ្រោះថ្នាក់ ដើម្បីបញ្ចៀសរាល់មហន្តរាយ

ភ្នំពេញ ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ការរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ” គឺពីតម្រូវការចាំបាច់ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ការការពារ សុខុមាលភាព សុវត្ថិភាព សាធារណៈ បរិស្ថាន និងសង្គម ប្រកបដោយ ការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការគ្រប់គ្រងទំនិញ និងសារធាតុគ្រោះថ្នាក់ ដើម្បីបញ្ចៀសរាល់មហន្តរាយ។

នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានតែងតាំងជាសហប្រធាន បានអញ្ជើញជាអធិបតី បើកកិច្ចពិភាក្សា ជុំវិញការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ” នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ១៨ ចូលរួម ។

យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល លេខ៥៧២ ស.ជ.ណ.មយ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២២ ដែលបានយល់ព្រមជាគោលការណ៍ឲ្យបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ” ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកឡើងពីសាវតានៃការពិភាក្សាសេចក្តី ព្រៀងច្បាប់ស្តីពី”ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ “នេះ តាំងពីឆ្នាំ ២០១៦ និង២០១៧ តែត្រូវបានជាប់គាំង ដោយសារពាក់ព័ន្ធនឹងការជាន់សមត្ថកិច្ចគ្នា ក្នុងការអនុវត្តច្បាប់ ។ ដោយឡែក សម្រាប់ កិច្ចប្រជុំនាថ្ងៃនេះ គឺយើងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញនូវ សមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ” និងការបង្កើតក្រុមការងារ បច្ចេកទេសមួយ ជាសេនាធិការបម្រើឲ្យការងារនេះអាច លេចចេញជារូប រៀងឲ្យបានឆាប់រហ័ស ទាន់ពេលវេលា សម្រាប់ជាផលប្រយោជន៍ជាតិរួម ។

បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មការអន្តរក្រសួងបានមួយចំនួនធំរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ បានបង្ហាញនូវជំហររួមគ្នាដោយបញ្ជាក់ថា៖ដោយពិនិត្យឃើញ ពីតម្រូវការចាំបាច់ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ការការពារ សុខុមាលភាព សុវត្ថិភាព សាធារណៈ បរិស្ថាន និងសង្គម ប្រកបដោយ ការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការគ្រប់គ្រងទំនិញ និងសារធាតុគ្រោះថ្នាក់ ដើម្បីបញ្ចៀសរាល់មហន្តរាយ ដែលអាចកើត មានឡើងជាយថាហេតុច្បាប់ ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ” ត្រូវតែបង្កើតឡើងឲ្យបានជាប្រញ៉ាប់តាមដែលអាចធ្វើបាន ពីព្រោះច្បាប់នេះ មានវិសាលភាព ក្នុងការត្រួតពិនិត្យ ការផលិត ការប្រើប្រាស់ ការនាំចូល ការនាំចេញ ការដឹកជញ្ជូន និងការស្តុកទំនិញគ្រោះថ្នាក់ ដែលអាចបង្កមហន្តរាយដល់មនុស្ស សត្វ បរិស្ថាន និងសន្តិសុខសង្គម ។ ជាពិសេសគឺទប់ស្កាត់ឲ្យបានជាអតិបរមាពីការផលិតគ្រឿងញៀន យកចេញពីសារធាតុគីមីផ្សំ នាំចូលដែលពិតជាគ្រោះថ្នាក់និងមានការ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម