បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានប្រើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះទៅធ្វើការត្រួតពិនិត្យលើផលិតផលចំណីអាហារដែលវេចខ្ចប់រួច ដូចជា ណែមសាច់ត្រី ណែមស្បែកជ្រូក សង្វាក់សាច់ត្រី ដែលកំពុងតែធ្វើការដាក់តាំងលក់នៅតាមដងផ្លូវជាតិលេខ៥ ស្រុកសង្កែ និងនៅក្នុងក្រុងបាត់ដំបង និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានយកសំណាកចំនួន២០គំរូ មកធ្វើការពិនិត្យ ក្នុងគោលបំណងដើម្បីស្វែងសារធាតុគីមីបូរ៉ាក់ ដែលកន្លងមកធ្លាប់មានការលួចដាក់បន្ថែមម្សៅសារធាតុគីមីបូរ៉ាក់នៅលើណែមទាំងនោះ ដើម្បីការរក្សារទុកបានយូរពីអ្នកផលិតណែមត្រី។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា តាមរយៈនៃការចុះត្រួតពិនិត្យលើណែមសាច់ត្រីនេះ មន្ត្រីជំនាញបានយកសំណាកពីសិប្បកម្មផលិតកម្មផ្សេងៗគ្នា ដើម្បីស្វែងរកសារធាតុគីមីបូរ៉ាក់ ដែលការផ្តល់នូវសេចក្តីទុកចិត្តសម្រាប់អ្នកនាំយកណែមត្រីមកលក់ ពិសេសទំនុកចិត្តពីអ្នកនិយមចូលចិត្តបរិភោគណែមត្រី ដែលកន្លងមកទាំងអ្នកលក់ ទាំងអ្នកបរិភោគ តែងតែមានការសង្ស័យអំពីការលួចដាក់សារធាតុគីមីបូរ៉ាក់ ។

ដើម្បីផ្តល់នូវសេចក្តីទុកចិត្តសម្រាប់អ្នកលក់ណែមត្រី ពិសេសទំនុកចិត្តពីអ្នកនិយមចូលចិត្តបរិភោគណែមត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់រថយន្តមន្ទីរពិសោធន៍ចល័តមួយគ្រឿង សម្រាប់បំរើការជាប្រចាំក្នុងខេត្តបាត់ដំបង ដែលអាចពិសោធន៍រកសារធាតុគីមីពុល ដែលផ្ទុកក្នុងចំណីអាហារដោយប្រើពេលត្រឹមតែ១០នាទីប៉ុណ្ណោះ។

បើយោងតាមអភិបាលខេត្តបាត់ដំបង ក្រោយពីការធ្វើពិសោធន៍ទៅលើសំណាកផលិតផលណែមត្រី ដែលដាក់លក់ជាច្រើនកន្លែងនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ និងទីតាំងសិប្បកម្មផលិតណែម មួយចំនួនទៀត នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ រួចមក ជាលទ្ធផលផលិតផលណែមទាំងនោះពុំមានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលនាំឲ្យមានការប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកបរិភោគនោះឡើយ ហើយការត្រួតពិនិត្យនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទៀតទៅលើគ្រប់មុខម្ហូបអាហារដែលសង្ស័យថា មានផ្ទុកសារធាតុគីមីពុល ។ លោកអភិបាលខេត្ត បានអំពាវនាវដល់ម្ចាស់សិប្បកម្ម និងអ្នកផលិតផលិតផលអាហារទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមីពុលក្នុងចំណីអារហារជាដាច់ខាត ព្រោះវាបណ្តាលឱ្យខូចសុខភាពដល់អ្នកបរិភោគ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះម្ហូបអាហារប្រចាំខេត្តបាត់ដំបងរបស់យើង៕