Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជំរុញឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ពង្រឹងលើការងារផលិត​ក្នុងស្រុកឱ្យបានច្រើន ទាំងគុណភាព និងការវេចខ្ចប់ ខណៈបច្ចុប្បន្ន កម្ពុជានាំចូលពីក្រៅស្ទើរតែ ៨០ទៅ ៩០ភាគរយ

ភ្នំពេញ៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានលើកឡើងថា ក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមកពង្រឹងការផលិតដោយខ្លួនឯងវិញ ដូចជា ម្ហូបអាហារវេចខ្ចប់រួចជាដើម ខណៈបច្ចុប្បន្ននេះ កម្ពុជានាំចូលពីក្រៅស្ទើរតែ ៨០ទៅ ៩០ភាគរយ។

លោកបណ្ឌិតបន្តថា ការពង្រឹងការផលិតខ្លួនឯងនេះ មានអត្ថប្រយោជន៍ទី១ រាជរដ្ឋាភិបាលបន្ធូរបន្ថយ ឬមិនយកពន្ធ, ទី២ មានការផ្ដល់ហិរញ្ញប្បទានដែលមានការប្រាក់ទាប និងទី៣ មានការលើកទឹកចិត្តឲ្យមានការជួយរកទីផ្សារ។ ហើយដើម្បីពង្រឹងលើការងារផលិតក្នុងស្រុកឱ្យបានច្រើន និងមានតម្លៃ ថោក គឺទាមទារឱ្យម្ចាស់ក្រុមហ៊ុនសហគ្រាស និងអ្នកពាក់ព័ន្ធត្រូវចេះសហការចងក្រងជាប្រព័ន្ធអេកូស៊ីស្ទឹម ចេះផ្គុំធនធានមនុស្ស និងផ្នែកហិរញ្ញប្បទាន។

ការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ ក្នុងពិធីបើកវេទិកាម្ចាស់អាជីវកម្មកម្ពុជា ស្តីពីការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី កាលពីពេលថ្មីៗនេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានលើកឡើងថា វិស័យកសិកម្មបើសិនយើងធ្វើត្រូវចំណេញលុយច្រើនជាងវិស័យអចលនទ្រព្យទៅទៀត ពីព្រោះតែវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានផ្តល់កម្ចីឥណទានអោយយើងនៅក្នុងអត្រាការប្រាក់ទាបបំផុតចន្លោះពី ៥ ទៅ ៦ភាគរយតែប៉ុណ្ណោះ។

លោកបណ្ឌិត បន្តថា មានអ្នកធ្វើវិស័យកសិកម្មខ្លះបានធ្វើទៅក៏បានប្រទះទៅនិងបញ្ហាខាតផងដែរ ដោយសារតែ ពួកគាត់មិនបានគិតគណនាឲ្យបានច្បាស់លាស់នោះទេ ទាំងថ្លៃដើម, ថ្លៃចំណាយ ណិងចំណេញ មុននឹងគាត់ចាប់ផ្តើមប្រឡូកនៅក្នុងវិស័យនេះ៕

×