ឆាកអាពាហ៍ពិពាហ៍ អាចជាឆាកគោលដៅនៃជីវិតស្នេហ៍ដ៏សែនមហា Happy តែសម្រាប់ជីវិតពិតវិញ ការរៀបការ ឬការយល់ព្រមរួមរស់នៅជាមួយគ្នាជាជីវិតគូ គឺគ្រាន់តែជាការចាប់ផ្ដើមនៃការកសាងក្រុមគ្រួសារប៉ុណ្ណោះ។ មនុស្សជាច្រើន ពេលនៅជាគូស្នេហ៍ ស្រឡាញ់គ្នាស្ទើរបាត់មុខមិនបាន តែដល់ពេលរៀបការ និងបានរស់នៅជាមួយគ្នាហើយ បែរជាជួបនឹងបញ្ហា និងរឿងរ៉ាវដ៏ច្រើន រហូតដល់ពេលខ្លះ អាចធ្វើឱ្យជីវិតគូបាក់បែកដួលរលំក៏មាន។
ថ្ងៃនេះ យើងសូមរួបរួមយកចំណុចគួររិះគិតល្អៗ ដែលមនុស្សគ្រប់រូប អាចនាំយកទៅប្រើប្រាស់ក្នុងជីវិតជាស្វាមី-ភរិយារបស់ខ្លួន ដើម្បីឱ្យគ្រួសារមានសេចក្ដីសុខសុភមង្គល មកជម្រាបជូនដូចតទៅ…
១.រៀនយល់ដឹងក្នុងការធ្វើជាអ្នកឱ្យ និងអ្នកទទួល
នៅពេលយើងសម្រេចចិត្តថា នឹងរស់នៅជាជីវិតគូជាមួយនរណាម្នាក់ហើយ ចូរកុំនឹកសង្ឃឹមត្រឹមតែឱ្យគេមកស្រឡាញ់ និងធ្វើអ្វីៗដើម្បីតែយើងឱ្យសោះ តែយើងគួររៀនយល់ដឹងក្នុងការធ្វើជាអ្នកលះបង់ឱ្យគេខ្លះផង ធ្វើឱ្យគេមានសេចក្ដីសុខ យកចិត្តយកថ្លើម លើកទឹកចិត្តគ្នាទៅវិញទៅមក ឆ្លាស់គ្នាធ្វើជាអ្នកឱ្យ និងជាអ្នកទទួលខ្លះ វានឹងធ្វើឱ្យមានអារម្មណ៍ល្អទាំង ២នាក់។ មិនមែនឱ្យនរណាម្នាក់ ព្យាយាមលះបង់តែម្ខាងនោះទេ។
២.ស្មោះត្រង់ និងទុកចិត្តគ្នា
សម្រាប់ជីវិតគូ ភាពស្មោះត្រង់ គឺជារឿងធំជាងគេបំផុត និងក្រៅពីយើងស្មោះត្រង់ចំពោះគ្នាហើយ គួរមានភាពជឿទុកចិត្តលើមនុស្សដែលយើងស្រឡាញ់ផង។ បើកើតមានការមិនជឿទុកចិត្ត ឬប្រចែប្រចណ្ឌ ហួងហែងគ្នាខ្លាំងជ្រុលពេក វានឹងធ្វើឱ្យជីវិតគូ មានតែបញ្ហា។
៣.រៀនយល់ដឹង ទទួលស្គាល់ និងកែសម្រួលខ្លួនឯងជាមុន
ទន្ទេញទុកជាប់ជានិច្ចថា យើងមិនអាចផ្លាស់ប្ដូរអ្នកដទៃបានទេ តែយើងអាចផ្លាស់ប្ដូរខ្លួនឯងបាន ដូច្នេះកុំសង្ឃឹមថា មនុស្សដែលយើងស្រឡាញ់ នឹងកែសម្រួលខ្លួនគេ ដើម្បីយើង ឬគេត្រូវតែផ្លាស់ប្ដូរអ្វីៗ ដើម្បីឱ្យបានដូចតាមចិត្តយើងនោះ តែចូរយល់ដឹងពីអ្វីដែលជារូបគេ និងបើសិនរកឃើញភាពខុសគ្នាច្រើន ចូរសាកល្បងផ្លាស់ប្ដូរខ្លួនយើងជាមុនសិន។ បើទាំងសងខាង ជួយគ្នាកែសម្រួលខ្លួនចូលរកគ្នាទៅវិញទៅមកបាន នោះប្រាកដជានឹងអាចរស់នៅរួមគ្នាបានយ៉ាងរលូនល្អមិនខាន។
៤.ផ្ដល់កិត្តិយសចំពោះគ្នាទៅវិញទៅមកជានិច្ច
មិនថាស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្រឡាញ់គ្នាមកយូរប៉ុនណាក៏ដោយ មនុស្សគ្រប់រូប នៅតែត្រូវការទីតាំងផ្ទាល់ខ្លួន និងចង់បានការផ្ដល់កិត្តិយសជានិច្ច។ ទោះជាស្វាមី-ភរិយានឹងគ្នាក៏ដោយ ក៏គួរតែទុកចន្លោះទំនេរមួយឱ្យគ្នាទៅវិញទៅមកដែរ កុំកៀបសង្កត់ ឬជិះជាន់មនុស្សដែលយើងស្រឡាញ់ ទោះជាគេមានឥរិយាបថថា ចុះញ៉មយើងហើយក៏ដោយ និងកុំលូកលាន់កកូរកកាយគេគ្រប់តែរឿងនោះ ព្រោះវានឹងនាំមកនូវភាពទើសទាល់ ធុញថប់ដល់មនុស្សដែលយើងស្រឡាញ់។
៥.កុំភ្លេចនឹកដល់ពាក្យថា “ចិត្តយើង ចិត្តគេ”
ទោះជាចង់ធ្វើអ្វី ឬប្រុងនិយាយអ្វីក៏ដោយ ចូរនឹកគិតជាប់ជានិច្ចថា បើសិនជារូបយើងវិញ បើគេនិយាយបែបនោះដាក់យើង តើយើងមានអារម្មណ៍យ៉ាងណា? នោះយើងនឹងដឹងភ្លាមថា តើគួរធ្វើបែបនោះឬទេ?
៦.នៅក្បែរជានិច្ច តែមិនកាន់ជើង
គូស្នេហ៍ដែលល្អ គឺអ្នកដែលនៅក្បែរគ្នាជានិច្ច ទោះជាពេលមានបញ្ហាក៏ដោយ នៅផ្ដល់កម្លាំងចិត្ត និងមិនបន្ទោសបន្ថែមឡើយ តែខណៈពេលជាមួយគ្នា ក៏ត្រូវចេះដាស់តឿនដែរ នៅពេលមើលឃើញថាខុស និងមិនត្រឹមត្រូវ ឬមិនសមគួរ។ មិនមែនថា គេជាគូស្នេហ៍របស់យើងហើយ យើងត្រូវតែកាន់ជើងគេគ្រប់រឿង គេធ្វើអ្វី ក៏ត្រូវទាំងអស់នោះទេ ហើយការដាស់តឿនទៀតសោត ក៏គួរធ្វើឡើងតែ ២នាក់ស្ងាត់ៗ កុំបំបាក់មុខគូស្នេហ៍ ដោយការស្រែកជេរបញ្ចោរគេ នៅមុខអ្នកដទៃជាដាច់ខាត។
៨.កុំប្រៀបធៀបគូស្នេហ៍របស់យើង ជាមួយគូស្នេហ៍អ្នកដទៃ
ប្រាកដណាស់ថា គ្មានអ្នកណាម្នាក់ឥតខ្ចោះគ្រប់យ៉ាងនោះទេ ខ្លួនយើងក៏ដូចគ្នាដែរ ដូច្នេះកុំយកគូស្នេហ៍របស់យើង ទៅប្រៀបធៀបជាមួយគូស្នេហ៍របស់អ្នកដទៃ កុំសរសើរថា ប្ដី(ឬប្រពន្ធ)របស់គេម្នាក់នោះល្អអ៊ីចេះ ល្អអ៊ីចុះ ព្រោះវានឹងក្លាយជាការបំបាក់អារម្មណ៍របស់មនុស្ស ដែលយើងស្រឡាញ់ខ្លាំងណាស់។
៨.ពេលគេជាភ្លើង ចូរយើងធ្វើជាទឹក
ប្រហែលជាគ្មានគូស្នេហ៍ ១គូណា ដែលមិនធ្លាប់ឈ្លោះគ្នានោះទេ តែធ្វើយ៉ាងណា កុំឱ្យការឈ្លោះនោះ ក្លាយជាបញ្ហារីកធំឡើង។ នៅពេលឃើញថា គេកំពុងតែក្ដៅដូចភ្លើងហើយនោះ យើងគួរតែធ្វើចិត្តឱ្យត្រជាក់ និងស្ងប់ជាងគេឱ្យបាន ព្រោះបើសិនជារឹតតែក្ដៅដាក់គ្នា នឹងរឹតតែនាំមកនូវបញ្ហាថែមឡើងប៉ុណ្ណោះ។
៩. ឧស្សាហ៍បន្ថែមភាពផ្អែមល្ហែមក្នុងជីវិតគូ
នៅពេលរស់នៅជាមួយគ្នាយូរៗទៅ គូខ្លះក៏ភ្លេចភាពផ្អែមល្ហែម រ៉ូមែនទិក ដែលធ្លាប់មានឱ្យគ្នា កាលស្នេហ៍គ្រាដំបូងអស់រលីង ដូច្នេះគួរតែមានពេលវេលាក្នុងការធ្វើអ្វីៗជាមួយគ្នាឡើងវិញ ដូចជាទៅដើរលេងជាមួយគ្នា ឬមានកាដូ ធ្វើឱ្យភ្ញាក់ផ្អើលក្នុងឱកាសពិសេសៗខ្លះផង។ បបួលជជែកពីរឿងកាលទើបស្រឡាញ់គ្នាថ្មីៗ ឬនាំគ្នាទៅរំឭកអនុស្សាវរីយ៍នៅតាមទីកន្លែងផ្សេងៗ ដែលធ្លាប់បានទៅ វានឹងធ្វើឱ្យសេចក្ដីស្នេហារីកស្រស់បំព្រងឡើងវិញមិនខាន។
១០.បញ្ឈប់ការនឹករំពឹង ហើយស្រឡាញ់គ្នាយ៉ាងល្អបំផុត
ការនឹករំពឹង មិនដែលធ្វើឱ្យជីវិតអ្នកណាម្នាក់មានសេចក្ដីសុខយ៉ាងពិតប្រាកដនោះទេ សម្រាប់សេចក្ដីស្នេហាក៏ដូចគ្នាដែរ យើងមិនគួរនឹករំពឹងអ្វីទៅលើគូស្នេហ៍របស់យើងខ្លាំងជ្រុលពេកទេ ព្រោះវានឹងធ្វើឱ្យគេទើសទាល់ ហើយខ្លួនយើងក៏នឹងមានទុក្ខ បើសិនជា វាមិនបានដូចការនឹករំពឹងទុក។
«ជីវិតមនុស្សយើងគ្រប់ៗគ្នា សុទ្ធតែរាប់ពេលវេលាថយក្រោយដូចគ្នា ដូច្នេះ ចូរស្រឡាញ់គ្នាឱ្យបានល្អបំផុតរៀងរាល់ថ្ងៃ»៕