ហាណូយ ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណា ឃួងស្រេង បានអញ្ជើញដល់រដ្ឋធានីហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនា យប់ថ្ងៃទី៥កញ្ញា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃក្នុងគោលដៅរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរក្នុង នាមទីក្រុងសម្ព័ន្ធមេត្រីភាពទាំង២ រាជធានីភ្នំពេញ និងទីក្រុងហាណូយ។
នៅថ្ងៃទី៥កញ្ញានេះ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ឃួង ស្រេង អមដំណើរដោយឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណា និងឯកឧត្តម NGUYEN TRONGDONG អភិបាលរងរដ្ឋធានីហាណូយ បានអញ្ជើញទៅទស្សនកិច្ចទិដ្ឋភាពទូទៅនៃសម្ព័ន្ធក្រុមហ៊ុន CNTY.EUZY និងគម្រោងសាងសង់រោងចក្រថាមពលសកម្មភាពភាព និងគម្រោងបច្ចេកទេសរបស់ក្រុមហ៊ុនថាមពលពីកាកសំណល់ SOC.SON នៃបរិស្ថានធានអ៊ីហាណូយ និងគម្រោងរោងចក្រអគ្គិសនី បំម្លែងចេញពីកាកសំណល់Soc Son។

តាមការបញ្ជាក់ពីលោក Li Ai Jun អគ្គនាយករងក្រុមហ៊ុនCNTY.EUZY បានឲ្យដឹងថា សម្ពន្ធ័ក្រុមហ៊ុនCNTY.EUZY ត្រូវបានបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ១៩៥០។ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំដំណើរការអភិវឌ្ឍន៏យ៉ាងខ្លាំងក្លា បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោកក្នុងវិស័យប្រតិបត្តិការបរិស្ថានទីក្រុង ដែលមានវិសាលភាពនៅក្នុងប្រទេសជាង៣០មានរោងចក្រ កម្ចាត់កាកសំណង់រឹងជាង៣០០កន្លែងនៅទូទាំងពិភពលោក ដោយមានសមត្ថភាពកែឆ្នៃរហូតដល់៥ម៉ឺនតោនក្នុងមួយថ្ងៃ ជាមួយបុគ្គលិកសរុបជាង៨ម៉ឺននាក់ ក្នុងនោះមានបុគ្គលិកជាង៦ម៉ឺននាក់ជាជាតិអ៊ឺរ៉ុប។ ជាមួយគ្នានេះក៏បានកាត់បន្ថយកាកសំណល់ លើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លី និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីការស្វាគមន៍របស់ រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើបណ្តាក្រុមហ៊ុនពីវៀតណាម មានបំណងវិនិយោគលើការកែច្នៃ និងបំឡែងកាកសំណល់សំរាម ទៅជាឋាមពលអគ្គិសនី និងបំលែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាមបំបាត់ខ្លិនជាដើម។ ឯកឧត្តមអភិបាល បានគូសបញ្ជាក់ប្រាប់ទៅភាគីមិត្តពីដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញ យ៉ាងឆាប់រហ័សដែលការអភិវឌ្ឍន៍ដ៏លឿនបែបនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា។
ឯកឧត្តមអភិបាលបន្ថែមទៀតថា រាជធានីភ្នំពេញដែលកំពុងរីកចម្រើនយ៉ាងលឿនបែបនេះ បញ្ហាប្រឈមតែងកើតមានដូចជា បញ្ហាចរាចរណ៍, សំណង់ ពិសេសបញ្ហាបរិស្ថាន, ប្រពន្ធ័លូជាពិសេសបញ្ហាសំរាម នេះតែម្តង ដែលរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការលើកកម្ពស់បរិស្ថាន ទីក្រុងរួមជាមួយដៃគូអភិវឌ្ឍន៍មួយចំនួនទៀតផងដែរ។
ឯកឧត្តម ឃួង ស្រេង ឲ្យដឹងទៀតថា រាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋ យ៉ាងឆាប់រហ័សប្រមាណជាង៣លាន ចំណែកបរិមាណសំរាមបានកើនឡើង រហូតដល់ជាង៣ពាន់តោនក្នុងមួយថ្ងៃ។ ហើយនៅពេលខាងមុខរាជធានីភ្នំពេញ នឹងបង្កើតទីលានចាក់សំរាមថ្មីចំនួយ២កន្លែងបន្ថែមទៀត ស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញ និងមានក្រុមហ៊ុនប្រមូលសំរាម ចំនួន៣កំពុងប្រតិបត្តិប្រមូលសំរាមក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី



















