នៅពេលរៀបការ និងមករួមរស់នៅជាមួយគ្នាហើយ តើទាំង ២នាក់ (ស្វាមី-ភរិយា) គួរផ្លាស់ប្តូរ ឬកែសម្រួលខ្លួនឯង ដើម្បីឱ្យជីវិតគូ មានសេចក្តីសុខសុភមង្គលដែរឬទេ? និងគួរផ្លាស់ប្តូរច្រើនតិចប៉ុនណាដែរ?។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលគូស្វាមីភរិយាវ័យក្មេងទាំងឡាយ គួរតែអាន ដើម្បីទុកជាចំណេះដឹងក្នុងការរស់នៅ យ៉ាងចុះសម្រុងជាមួយមនុស្សដែលយើងស្រឡាញ់។
១-ពេលមានស្នេហា អ្នកណាៗក៏តែងតែ(ព្យាយាម)ផ្លាស់ប្តូរខ្លួនឯង និងសម្របសម្រួលខ្លួន ឱ្យចូលចុះជាមួយមនុស្សដែលយើងស្រឡាញ់ដែរ ត្រង់នេះមិនមានអ្វីគួរឱ្យចម្លែកចិត្តទេ ហើយក៏មិនមែនជាបញ្ហាដែរ ថែមទាំងជារឿងដែលគួរឱ្យស្រឡាញ់ទៀតផង។
ភាគច្រើន យើងច្រើនតែឃើញការផ្លាស់ប្តូររបស់ខាងស្រីខ្លាំងជាង ព្រោះនារីៗ ភាគច្រើន ពេលស្រឡាញ់អ្នកណាម្នាក់ហើយ ច្រើនតែសម្តែងចេញមកត្រង់ៗដូចចិត្តរបស់ខ្លួន ច្រើនជាងបុរស។ មិនសូវចេះវាងកាច់កុងវែងឆ្ងាយនាំឱ្យឈឺក្បាលនោះទេ នេះគឺជាចំណុចល្អដែលគួរឱ្យសរសើរ ចំណែកបុរសខ្លះវិញ ក៏មិនមែនថាមិនផ្លាស់ប្តូរសោះនោះដែរ គេក៏ផ្លាស់ប្តូរដូចគ្នាដែរ ដូចជា អាចធ្វើខ្លួនសុភាពរាបសាជាងមុន ឈប់ដើរលេងផ្តេសផ្តាស់ និងចាប់ផ្តើមចេះយកចិត្តគេ មកដាក់ចិត្តខ្លួនឯង ក៏នៅពេលមានភរិយានេះឯង។
២-តែការផ្លាស់ប្តូរដែលថានេះ វាមានទាំងល្អប្រសើរឡើង និងកាន់តែយ៉ាប់ទៅទៀត ដូច្នេះទើបវាអាស្រ័យលើថា តើទាំង ២នាក់ នឹងជ្រើសរើសដើរតាមផ្លូវណាច្រើនជាង?
បើការផ្លាស់ប្តូរនោះបង្ហាញថា កំពុងតែដំណើរការទៅក្នុងផ្លូវដែលល្អ ដូចជា ពីមនុស្សដែលធ្លាប់តែខ្ជឹល តែពេលបានស្វាមី(ឬភរិយា)ជាមនុស្សឧស្សាហ៍ ខំប្រឹងធ្វើការរកស៊ី ម្នាក់ៗក៏មានទឹកចិត្ត និងកម្លាំងចិត្តខ្លាំងឡើង ចង់ឱ្យជីវិតគូរបស់ខ្លួន ស្ថិតស្ថេរមាំទាំឡើង ដូចជាជំនួសឱ្យការដែលភាគីណាមួយ គិតតែពីនៅស្ងៀម ចាំតែដេកស៊ីនោះ ក៏នាំគ្នាងើបឡើង ងាកមកជួយគ្នាធ្វើការរកស៊ី កម្លាំង២ ប្រណាំងគ្នាតែម្តង ដើម្បីអនាគត។ បើដំណើរការទៅក្នុងទំនងហ្នឹង វាច្បាស់ជាល្អណាស់ មែនទេ? ព្រោះបញ្ជាក់ថា សេចក្តីស្នេហាជួយជំរុញឱ្យនាំគ្នាធ្វើល្អ។
តែបើរៀបការហើយ ស្រាប់តែទាំង ២នាក់ បែរជានាំគ្នាផ្លាស់ប្ដូរ ឆ្ពោះទៅរកជីវិតដែលភ្លើតភ្លើនវិញនោះ វាស្មើនឹងម្នាក់ៗ នាំគ្នារុញ ជួយច្រានគ្នាឱ្យជីវិតគូខ្ទេចខ្ទីអស់ទៅវិញ។ បើអ៊ីចឹង តើវាល្អដែរឬ? ដូចជា បើម្ខាងចូលចិត្តតែដើរលេង ហើយធ្វើឱ្យម្ខាងទៀត ក៏និយមដើរលេងយប់ដែរនោះ បែបនេះ វាធ្វើឱ្យយើងសង្ស័យមែនទែនថា តើស្វាមី-ភរិយា ១គូនេះ នឹងសាងឋានៈគ្រួសារបាននៅពេលណាទៅ?
ដូច្នេះហើយទើបការផ្លាស់ប្តូររបស់មនុស្សដែលជាគូស្វាមីភរិយាថ្មោងថ្មី កុំដល់ថ្នាក់ផ្លាស់ប្តូរបែបគ្មានសតិស្មារតីឱ្យសោះ។ ចូរមានសតិសម្បជញ្ញៈទាំងអស់គ្នា ទើបជីវិតក្រោយអាពាហ៍ពិពាហ៍ មានភាពរឹងមាំស្ថិតស្ថេរយូរអង្វែង។
៣-តែពេលខ្លះ ស្វាមីក៏មិនចង់ឱ្យភរិយាផ្លាស់ប្តូរ មកដូចគេ ១០០% ដែរ
កុំភ្លេចថា អ្នកខ្លះក៏ត្រូវការមានគូជីវិត ដែលមានអ្វីខុសប្លែកពីគ្នាខ្លះដែរ តែបើសិនចៃដន្យ គេចូលចិត្តឱ្យគូស្នេហ៍មានអ្វីៗដូចគេដែរនោះ អាហ្នឹងវាមិនអីទេ។ ប៉ុន្តែភាគច្រើន មិនសូវឃើញមានអ្នកណាចង់ឱ្យដូចគ្នា ១០០% ឡើយ ព្រោះភាពខុសប្លែកគ្នាខ្លះ ក៏ជាមន្តស្នេហ៍មួយបែបដែរ។ រឹតតែបានជួបនឹងភាពខុសប្លែកមួយចំនួន ដែលគេមាន តែគូស្នេហ៍គ្មាន ឬគូស្នេហ៍មាន តែរូបគេគ្មានវិញនោះ វារឹតតែធ្វើឱ្យគូស្នេហ៍ថ្មោងថ្មី បានបើកនូវលោកទស្សនៈថ្មីៗ ឬស្គាល់នូវអ្វី ដែលខ្លួនឯងមិនធ្លាប់ដឹងពីមុន ដែលអាចនឹងមានប្រយោជន៍ជាង ក៏អាចថាបានដែរ។
៤-តែបើនារីៗយើងចង់ផ្លាស់ប្តូរតាមស្វាមីមែននោះ ក៏សូមឱ្យសេចក្តីស្រឡាញ់ ធ្វើជាអ្នកដឹកនាំ ឱ្យស្គាល់ពីការសម្របសម្រួលខ្លួនដោយខ្លួនឯងវិញប្រសើរជាង
បើសិនខាងភរិយាចង់ផ្លាស់ប្តូរយ៉ាងពិតប្រាកដមែននោះ ចូរផ្លាស់ប្តូរទៅក្នុងផ្លូវដែលល្អឡើង កុំចេះតែផ្លាស់ប្តូរដោយមិនគិតមុខគិតក្រោយ ព្រោះតែចង់យកចិត្តស្វាមីឱ្យសោះ បែបហ្នឹងវាមិនល្អទេ។ ដែលនិយាយនេះ មិនមែនត្រឹមតែលើផ្នែកការតុបតែងខ្លួនប៉ុណ្ណោះទេ ព្រោះការផ្លាស់ប្តូរខ្លួនឯង ដែលនារីៗយើងមិនគួរធ្វើជាដាច់ខាតពេលមានគូជីវិតហើយនោះគឺ…កុំចំណាយប្រាក់ច្រើន ដើម្បីទៅទិញអ្វីមកបំពេញចិត្តគូជិវិត ឬទៅធ្វើអ្វីមួយ ដើម្បីឱ្យត្រូវចិត្តគេ ដូចជាទៅវះកាត់បង្កើនដើមទ្រូង ធ្វើបេប៊ីហ្វេស ឬទៅបូមខ្លាញ់ចេញ ដើម្បីចង់ឱ្យនៅតែស្អាតស្វែលរហូតអី។ ត្រូវចាំទុកថា មុននឹងផ្លាស់ប្តូរអ្វីមួយ គួរប្រើសតិស្មារតី មុនប្រើអារម្មណ៍ ទើបជាការល្អ៕