កំពត៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឲ្យដឹងថា ទម្រាំរាជរដ្ឋាភិបាល ពិសេសក្រសួងការពារជាតិ រៀបចំសមយុទ្ធបាញ់គ្រាប់ពិត លំហាត់ហនុមានមាស ២០១៨ នេះឡើង គឺក្រុមមន្ត្រីពាក់ព័ន្ធ បានប្រឹងប្រែងរៀបចំ អស់រយៈពេល៣ឆ្នាំមកហើយ ហើយទទួលបានលទ្ធផលល្អគាប់ប្រសើរ ក្នុងពេលបាញ់សាកល្បងប៉ុន្មានថ្ងៃនេះ ចំគោលដៅផ្ទួនៗ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ថ្លែងនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ខេត្តកំពត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីបាញ់ត្រួតពិនិត្យនៃការហ្វឹកហ្វឺនលំហាត់ហនុមានមាសឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រភេទទ័ព ទ័ពជំនាញ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ជាពិសេស បញ្ជាការដ្ឋានកាំភ្លើងធំ បញ្ជាការដ្ឋានអង្គរក្ស កងពលតូចថ្មើរជើងលេខ៧០ ទីចាត់ការហ្វឹកហ្វឺន និងបណ្តាស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងក្លៀវក្លា ក្នុងការហ្វឹកហ្វឺនលំហាត់ហនុមានមាសឆ្នាំ២០១៨ និងបានបាញ់ត្រួតពិនិត្យនាថ្ងៃនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ”។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបានយ៉ាងរឹងមាំនូវខឿនការពារជាតិ របស់ប្រជាជន ខឿនសន្តិសុខជាតិ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេស រក្សាបានយ៉ាងរឹងមាំនូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍជាតិ ឱ្យកាន់តែរីកចម្រើន។ កត្តាសុខសន្តិភាព បានផ្តល់ឱកាសមាស ឱ្យកងយោធពលខេមរភូមិន្ទ ខិតខំពង្រឹងសមត្ថភាព គុណភាពរបស់ខ្លួនតាមរយៈការហ្វឹកហ្វឺន ដូចដែលយើងបានឃើញនៅថ្ងៃនេះ។ ការហ្វឹកហ្វឺនេះ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងវាស់ស្ទង់សមត្ថភាព របស់កងយោធពលខេមរភូមិន្ទ ជាពិសេស ដើម្បីធ្វើជារបងដ៏រឹងមាំនៃកិច្ចការពារជាតិ ថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាតឱ្យគេឈ្លានពានសូម្បីតែមួយមីល្លីម៉ែត្របានឡើយ។
លោកបាកបញ្ជាក់ថា “ខ្ញុំសូមផ្តាំផ្ញើរនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំកែលម្អនូវចំណុចខ្វះខាតមួយចំនួន រៀបចំកែលម្អយុទ្ធោបករណ៍ និងទុកដាក់ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស សំដៅសម្រេចបានជោគជ័យ ក្នុងការបាញ់គ្រាប់ពិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ”។
លោកនាយឧត្តមសេនីយ៍ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តពន្យល់ប្រាប់ប្រជាពលរដ្ឋឲ្យបានជ្រាបច្បាប់ថា កិច្ចការពារមាតុភូមិរបស់យុទ្ធជនខ្មែរ គ្មានពេលបានសម្រាកឡើយ ពោលនៅពេលមានសុខសន្តិភាព កងទ័ពត្រូវមានភារកិច្ចហ្វឹកហ្វឺនទាំងយប់ទាំងថ្ងៃ ដើម្បីបង្កើនគុណភាព និងមានសមត្ថភាព ពីព្រោះតែកងទ័ពកម្ពុជាបានឈានដល់កម្រិតមួយហៅថា កងទ័ពដែលមានលក្ខណៈអន្តរជាតិ ឬក្នុងតំបន់។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្ថែមថា ទីតាំងដែលកងទ័ពកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត លំហាត់ហនុមានមាស ២០១៨ ក្នុងបន្ទាយតេជោសែនជុំគិរី ដែលមានផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពតនោះ នឹងក្លាយជាកន្លែងហ្វឹកហ្វឺនការពារអាកាស ដូចជាការបាញ់ទម្លាក់ឧទ្ថម្ភាគចក្រ ទម្លាក់គ្រាប់បែកពីលើឧទ្ថម្ភាគចក្រ និងលំហាត់កងទ័ពជាច្រើនលើកទៀត។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងថា កាលពីជាង៣ឆ្នាំមុន មិនអាចនិយាយប្រាប់បានទេ គ្រាន់តែថាកន្លែងកងទ័ពតែប៉ុណ្ណោះឯង មកដល់ពេលនេះបានដឹងថា សារសំខាន់នៃតំបន់នេះធ្វើអ្វីខ្លះ នៅមានការសាកល្បងបាញ់ច្រើនលើកតទៅទៀត ហើយជាកន្លែងហ្វឹកហ្វឺន ជាពិសេសនៅទីនេះ ផ្ទៃដីរបស់យើងមានប្រមាណជាង ១ម៉ឺនហិកតានេះ នៅថ្ងៃក្រោយនឹងហ្វឹកហាត់ខាងការពារអាកាស អាចថាទម្លាក់គ្រាប់បែក ឬមួយក៏បាញ់ឧទ្ថម្ភាគចក្រ ឬមួយក៏ទម្លាក់គ្រាប់បែកពីលើឧទ្ថម្ភាគចក្រ ក៏យកតំបន់នេះដែរ។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការបាញ់គ្រាប់ពិត បានបញ្ជាក់ថា លំហាត់នេះធ្វើឡើងក្នុងរូបភាពកងពលតូចគ្រឿងយន្តអន្តរាគមន៍ ក្នុងរចនាសម្ព័ន្ធកងពលតូចអន្តរាគមន៍ មានដូចជា វរសេនាតូចរថពាសដែក វរសេនាតូចរថក្រោះ T55 វរសេនាតូចកាំភ្លើងធំ និងបង្កើនបន្ថែមឲ្យកាំភ្លើងយុទ្ធសាស្ត្រ BM21 RM70 ជាដើម៕ ដោយ៖បញ្ញាស័ក្តិ