Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើ វិលមុខបែបណាមានគ្រោះថ្នាក់?

អាការវិលមុខ រឿងសំខាន់ គឺយើងត្រូវដឹងឱ្យបានថា តើបែបណាបង្កគ្រោះថ្នាក់ និងបែបណាមិនបង្កគ្រោះថ្នាក់? ព្រោះការដែលលោកអ្នកដឹងខ្លួនថា កំពុងមានអាការបែបណា គឺជារឿងសំខាន់ណាស់ពេលលោកអ្នកទៅជួបពេទ្យ ព្រោះនឹងបានរៀបរាប់ពីអាការដែលកើតឡើងនោះ បានត្រឹមត្រូវ ព្រោះទោះជាគ្រូពេទ្យពូកែផុតលេខយ៉ាងណាក៏ដោយ បើលោកអ្នករៀបរាប់ប្រវត្តិអាការជំងឺមិនច្បាស់លាស់ ក៏មិនអាចព្យាបាល ឱ្យទទួលបានលទ្ធផលល្អពេញលេញដែរ។

អាការវិលមុខចែកចេញជា ២យ៉ាង៖
១.វិលមុខ ងងឹតមុខ ស្រដៀងចង់ខ្យល់គ
២.វិលមុខ មើលឃើញដំបូលផ្ទះឡើងវិលខ្ញាល់។
អាការវិលមុខទាំង ២យ៉ាងនេះ ទោះជាមើលទៅស្រដៀងគ្នាមែន តែមិនដូចគ្នាទេ ព្រោះមានមូលហេតុខុសប្លែកពីគ្នា និងមានគ្រោះថ្នាក់ រួមទាំងការព្យាបាលក៏មិនដូចគ្នាដែរ។
១.វិលមុខ ងងឹតមុខ ស្រដៀងចង់ខ្យល់គ ( Light-headedness )
អាការវិលមុខបែបនេះ នឹងមានអារម្មណ៍ស្រដៀងងងឹតមុខចង់ខ្យល់គ បើបានផ្តេកខ្លួនគេងរាប ឬគេងសម្រាកបន្តិច អាការច្រើនតែស្រួលប្រសើរឡើងវិញ តែក្នុងករណីខ្លះ អាចធ្ងន់ធ្ងរដល់ថ្នាក់ខ្យល់គ ដួលបាត់ស្មារតីក៏មាន។ អ្នកជំងឺខ្លះអាចកើតមានអាការក្អួតចង្អោរទៀតផង គ្រាន់តែមិនសូវធ្ងន់ធ្ងរប៉ុណ្ណោះ។

ចំណែកមូលហេតុមានច្រើនយ៉ាង ដូចជា៖
១.ការដែលមានសម្ពាធឈាមធ្លាក់ចុះ ដោយសារការក្រោកឈរឡើងរហ័សពេក( Orthostatic hypotension )
២.កើតជំងឺគ្រុន ឈឺក្បាល ក្តៅខ្លួន មិនស្រួលខ្លួន។
៣.រាក និងក្អួតចង្អោរខ្លាំង ធ្វើឱ្យកើតសភាវខ្វះជាតិទឹក។
៤.អាការតានតឹងធុញថប់ក្នុងអារម្មណ៍ វិតក្កកង្វល់ ឬសម្រាកមិនបានគ្រប់គ្រាន់។
៥.ការសេពសារធាតុញៀនផ្សេងៗ។
៦.បេះដូងដើរខុសចង្វាក់ (ចំណុចនេះអាចបណ្តាលគ្រោះថ្នាក់ខ្លាំង គួរប្រញាប់ទៅជួបគ្រូពេទ្យ)
អាការវិលមុខក្នុងលក្ខណៈនេះ បើកើតឡើងម្តងម្កាល ក៏មិនជាអ្វីខ្លាំងក្លានោះទេ តែបើសិនកើតឡើងញឹកញាប់ ស្ទើរតែរាល់ថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យ ព្រោះអាចមានជំងឺ ឬរោគអ្វីម្យ៉ាងបង្កប់នៅក្នុងរាងកាយ។

២.វិលមុខ មើលឃើញដំបូលផ្ទះឡើងវិលខ្ញាល់ ( Vertigo )
អាការវិលមុខបែបនេះ ឬដែលយើងច្រើនតែស៊ាំធ្លាប់នឹងពាក្យថា “ទឹកក្នុងត្រចៀកមិនស្មើគ្នា” អ្នកដែលមានអាការបែបនេះនឹងមានអារម្មណ៍ថា របស់របរអ្វីៗ ឬបរិវេណជុំវិញខ្លួន កំពុងវិលឃ្លីងឃ្លោង ទាំងខ្លួនឯងនៅស្ងៀម មិនបានកម្រើកខ្លួន ឬធ្វើអ្វីសោះ។
អ្នកជំងឺក្នុងក្រុមនេះ ច្រើនតែកើតមានអាការក្អួតចង្អោរខ្លាំងក្លា អ្នកខ្លះអាចមានអាការដើរទ្រេតទ្រោត អ្នកខ្លះទៀតដល់ថ្នាក់ដួលទាំងជំហរ បោកក្បាលនឹងដីក៏មាន។ អ្នកជំងឺដែលកើតមានអាការបែបនេះគួរប្រញាប់ទៅប្រឹក្សាគ្រូពេទ្យ ព្រោះអាការនេះភាគច្រើន មិនបាត់ទៅវិញដោយឯកឯងទេ និងបណ្តាលមកពីមូលហេតុច្រើនយ៉ាងទៀតផង។

វិលមុខប្រភេទនេះ សម្រាប់អាការ គឺមិនបានធ្ងន់ធ្ងរដល់ថ្នាក់ធ្វើឱ្យស្លាប់បានទេ តែដែលសំខាន់នោះគឺ អាការវិលមុខបែបនេះ អាចនឹងធ្វើឱ្យលោកអ្នកកើតឧប្បត្តិហេតុ ឬគ្រោះថ្នាក់ដែលមិននឹកស្មានដល់ ដូចជា ដួលបោកក្បាលនឹងដី ដាច់សរសៃឈាមក្នុងខួរក្បាល ធ្លាក់ពីលើកាំជណ្តើរបាក់ដៃបាក់ជើង ក្រឡាប់ឡានដោយសារតែមិនអាចគ្រប់គ្រងដៃចង្កូតបាន ខណៈកំពុងបើកបរ។ល។

ដូច្នេះអ្វីដែលសំខាន់សម្រាប់អ្នកដែលកើតអាការវិលមុខញឹកញាប់នោះគឺ ត្រូវដឹងពីអាការរបស់ខ្លួនឯងឱ្យបាន ថាជាអាការបែបណា និងបើកើតឡើងបែបធ្ងន់ធ្ងរ ក៏គួរតែប្រញាប់ទៅជួបគ្រូពេទ្យ មុននឹងហេតុការណ៍ដែលមិននឹកស្មានដល់កើតឡើង។
“ការពារប្រសើរជាងព្យាបាល…ព្រោះរឿងដែលមិននឹកស្មានដល់ ច្រើនតែកើតនៅពេលដែលយើងមិននឹកស្មានដល់”៕

×