សេចក្តីស្នេហា ជារឿងដ៏គួរឱ្យអស្ចារ្យមួយ ដែលធ្វើឱ្យមនុស្សប្លែកមុខ ២នាក់ សម្រេចចិត្តមករស់នៅរួមសុខរួមទុក្ខជាមួយគ្នា។
នៅពេលមានសេចក្តីស្នេហាកើតឡើង រហូតក្លាយជាភាពជឿជាក់ថា ខ្លួនឯងបានជួបនឹងស្នេហាពិតហើយនោះ ពិធីមង្គលការក៏ត្រូវបានរៀបចំឡើង ដែលវាប្រៀបប្រដូចទៅនឹងសម្ព័ន្ធសន្យា ដែលបានប្រាប់គ្នាទៅវិញទៅមកថា យើងនឹងនៅមើលថែទាំគ្នារហូតតទៅអស់មួយជីវិត តែសម្រាប់គូខ្លះ ដែលចង់ឱ្យសេចក្តីស្នេហារបស់ខ្លួនពោរពេញទៅដោយសេចក្តីសុខជារៀងរាល់ថ្ងៃ ទោះជាឆ្លងផុតអំឡុងពេលនៃពិធីមង្គលការរួចមកហើយក៏ដោយនោះ សូមសាកល្បងមកសិក្សាពីភាពពាក់ព័ន្ធរវាងសេចក្តីស្នេហា និងហុងស៊ុយ ដែលនឹងជួយបង្កើនភាពផ្អែមល្ហែម ឱ្យស្នេហារឹងមាំ គង់វង្ស ស្ថិតស្ថេរ រហូតតទៅដូចតទៅ…
“បុប្ផាស្រស់” និមិត្តសញ្ញានៃភាពក្រអូបផ្អែមឆ្អិត
តាមជំនឿរបស់ជនជាតិចិន ផ្កាស្រស់ និងសេចក្តីស្នេហា ជាវត្ថុគូនឹងគ្នា ជានិមិត្តសញ្ញាដែលមិនអាចខ្វះបានឡើយ សម្រាប់ការរៀបចំពិធីមង្គលការ ដែលបង្ហាញពីសេចក្តីស្រឡាញ់ដែលផ្អែមក្រអូប ភាពស្រស់ស្រាយ ភាពល្អស្អាត ភាពស្រស់បំព្រង និងថែមទាំងជាវត្ថុបង្កើនសិរីមង្គលមួយផងដែរ។ ក្នុងអំឡុងពេលដែលកូនកំលោះ នឹងដឹកដៃកូនក្រមុំចូលបន្ទប់ មានទំនៀមទម្លាប់មួយដែលគេនាំគ្នាជឿថា កូនកំលោះត្រូវតែប្រគល់បុប្ផាពណ៌ក្រហម ១បាច់ធំទៅកូនក្រមុំ មុននឹងក្លាយជាប្តីប្រពន្ធនឹងគ្នា។ ប្រៀបដូចជាសេចក្តីស្នេហាដែលកូនកំលោះបានប្រគល់ទៅឱ្យកូនក្រមុំបានដឹងថា រូបគេបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការមើលថែទាំនាងរហូតតទៅ។
បេះដូងសំខាន់របស់ហុងស៊ុយ ជាមួយសេចក្តីស្នេហា
សេចក្តីស្នេហាតាមគោលការណ៍ជំនឿរបស់ហុងស៊ុយ ជនជាតិចិនតែងមានថ្ងៃមួយ ដែលគេហៅថា ជាថ្ងៃនៃសេចក្តីស្នេហា តាមប្រវត្តិដែលបាននិទានតៗគ្នា អំពីនាងទេពអប្សរ ១រូប ជាមួយបុរសឃ្វាលគោម្នាក់។ សេចក្តីស្នេហារវាងអ្នកទាំង២ បានកើតឡើង ដោយរៀងរាល់ ១ឆ្នាំម្តង ពួកគេនឹងបានជួបគ្នាតែម្តងប៉ុណ្ណោះ គឺនៅរៀងរាល់ថ្ងៃទី៧ ខែ៧។ ទាំងគូបានសន្យានឹងគ្នាថា ទោះជាពេលវេលាកន្លងផុតទៅយូរប៉ុនណាក៏ដោយ ក៏ពួកគេទាំង២ នឹងធ្វើដំណើរត្រឡប់មកជួបគ្នា និងនៅជាមួយគ្នា ១ថ្ងៃ។ ពួកគេប្រើពេលវេលានៅជាមួយគ្នាយ៉ាងមានតម្លៃបំផុត។ ជំនឿនេះ គឺជាចរិតរ៉ូមែនទិករបស់ជនជាតិចិន ដែលប្រកាន់ថា ថ្ងៃនោះ ជាថ្ងៃមង្គលដែលស័ក្តិសមសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ឬបន្ថែមភាពផ្អែមល្ហែមដល់គូស្នេហ៍ក៏បាន។
ការរៀបចំបន្ទប់ ឱ្យស័ក្តិសមនឹងសេចក្តីស្នេហា
ពេលរួមរស់នៅជាមួយគ្នា ការរៀបចំផ្ទះសំបែងឱ្យស័ក្តិសម ឱ្យក្លាយជាទ្រនំនៃសេចក្តីស្នេហាដ៏គង់វង្ស រឿងសំខាន់ដែលយើងគួរយកចិត្តទុកដាក់ខ្លាំងបំផុត គឺបរិវេណដែលគូស្វាមីភរិយាត្រូវស្នាក់អាស្រ័យ និងនៅជាមួយគ្នាច្រើនបំផុត។ ទីនោះ គឺទីតាំងរបស់គ្រែដំណេក ឱ្យស្ថិតនៅក្នុងបន្ទប់ផ្នែកកណ្តាលៗរបស់ផ្ទះ ដែលនឹងជួយឱ្យគេងលក់បានស្រួល មិនសុបិនអាក្រក់ និងភ្ញាក់ឡើងព្រមជាមួយភាពស្រស់ស្រាយ ភ្លឺថ្លា ថែមទាំងជួយបង្កើនសេចក្តីស្នេហា លុយកាក់ និងជីវិតការងារឱ្យល្អឡើងទៀតផង។
យ៉ាងណាក៏ដោយ ជំនឿរឿងហុងស៊ុយ ជាជំនឿដែលកើតឡើងចំពោះតែតួបុគ្គលម្នាក់ៗប៉ុណ្ណោះ។ អ្នកណាដែលចង់ឱ្យសេចក្តីស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែង ចង់ជួយឱ្យពិធីមង្គលការរបស់ខ្លួនឯងមានសិរីមង្គល និងដើម្បីក្តីសប្បាយចិត្ត ការចាប់យកហុងស៊ុយមកច្នៃប្រើនៅក្នុងជីវិតគូ អាចនិយាយបានថា មិនមែនជារឿងដែលខូចខាតអ្វីឡើយ តែថែមទាំងជួយឱ្យកើតមានសេចក្តីសុខកាយសប្បាយចិត្ត ពោរពេញដោយបរិយាកាសនៃសេចក្តីស្នេហាប្រកបដោយសុភមង្គលទៀតផង៕