មានគូស្វាមីភរិយា ១គូ ស្នាក់នៅក្នុងផ្ទះ ១ខ្នង…រៀងរាល់ព្រឹក ភរិយាតែងតែលួចសម្លឹងមើលអ្នកជិតខាង តាមមាត់បង្អួចជាន់លើនៃផ្ទះរបស់ខ្លួន ហើយរត់ត្រឡប់មករាយការណ៍ប្រាប់ស្វាមីថា៖
«អ្នកផ្ទះជិតយើងហ្នឹងណា៎ អត់ចេះបោកខោអាវទេ ខោអាវនៅតែកខ្វក់ដដែល មិនដឹងថាគាត់ប្រើសាប៊ូម៉ាកអី ឬបោករបៀបម៉េចទេ…»
ស្វាមីក៏ឆ្លើយថា កុំទៅយកចិត្តទុកដាក់នឹងអ្នកជិតខាងធ្វើអី យើងបោកខោអាវរបស់យើង ឱ្យតែស្អាតទៅបានហើយ អូនសម្លាញ់។
តែភរិយា ក៏នៅតែលួចមើលអ្នកផ្ទះជិតខាងរៀងរាល់ព្រឹក តាមមាត់បង្អួចជាន់លើដដែល និងរត់មករាយការណ៍ប្រាប់ស្វាមីរៀងរាល់ព្រឹក…«បោកខោអាវអត់ស្អាតទៀតហើយ…»
លុះមកដល់ថ្ងៃមួយ ភរិយា រត់ចុះមករាយការណ៍ប្រាប់ស្វាមី ដោយក្ដីចម្លែកចិត្ត និងមិនយល់ថា…៖ ថ្ងៃនេះ មិនដឹងថាមានរឿងអ្វីកើតឡើងទេ ស្រាប់តែអ្នកផ្ទះជិតយើងហ្នឹង គាត់បោកខោអាវឡើងស្អាតច្រឺងតែម្ដង អូនចង់ដឹងដល់ហើយថា តើគាត់ប្ដូរសាប៊ូបោកខោអាវថ្មី ឬក៏មានវិធីបោកបែបថ្មី?
ស្វាមីអស់សំណើច ហើយនិយាយថា នែ អូនសម្លាញ់ បងធុញអូនទ្រាន់អូនមែនទែន កាលពីព្រឹកមិញ បងក្រោកតាំងពីព្រលឹមងងឹត រួចហើយទៅជូតសម្អាតកញ្ចក់បង្អួចបន្ទប់ជាន់លើហ្នឹង ឱ្យវាភ្លឺស្អាតឡើង ព្រោះអីកាលប៉ុន្មានថ្ងៃមុនហ្នឹង កញ្ចក់ហ្នឹង វាប្រឡាក់ធូលីដីឡើងស្រមក ទើបធ្វើឱ្យអូនសម្លឹងមើលទៅ ឃើញតែភាពមិនស្អាតហ្នឹងណា…
ភរិយាបានដឹងហើយ ធ្វើភ្នែកម៉ក់ៗ
ស្វាមីក៏និយាយថា អូនដឹងទេ…មនុស្សយើងចូលចិត្តសម្លឹងមើល និងវាយតម្លៃអ្នកដទៃ តាមរយៈចិត្តគំនិត និងអារម្មណ៍របស់យើង ដោយភ្លេចមើលពីខ្លួនឯងថា មានអ្វីមិនល្អ ឬអត់? ដូច្នេះចូរលាងសម្អាតខ្លួនឯងជាមុនសិន មុននឹងសង្កេតមើលអ្នកដទៃ ព្រោះបើចិត្តគំនិតរបស់យើងស្អាត យើងនឹងមើលឃើញតែភាពស្រស់ស្អាតជុំវិញខ្លួនយើងមិនខាន…
«ចូរហាត់សម្លឹងមើលអ្វីៗជុំវិញខ្លួនក្នុងន័យល្អ យើងនឹងនឹកឃើញតែរឿងដែលល្អ ផ្លូវចិត្តនឹងរីកស្រស់ស្រាយ និងមានសេចក្ដីសុខ»៕