Sunday, November 28, 2021

ប្រជាពលរដ្ឋ​មាន​ចម្ងល់​ចំពោះ​ឯកសណ្ឋាន​យោធា របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ពាក់​ផ្កាយ​បី​

ព្រះសីហនុ​៖ សាធារណៈជន មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​មួយចំនួន បង្ហាញ​ចម្ងល់​ទៅលើ​សម្លៀកបំពាក់ របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ពាក់​ឯកសណ្ឋាន​ជា​កង​យោពល​ខេមរភូមិន្ទ​មាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ឯក ឬ​ពាក់​ផ្កាយ ៣ ក្នុងតួនាទី​លោក​បច្ចុប្បន្ន​ជា​អភិបាលខេត្ត​។​

​បញ្ហា​នេះ ទាំង​ប្រជាពលរដ្ឋ អ្នកឃ្លាំមើល​សង្គម និង​អ្នកសារព័ត៌មាន​ខ្លះ ប្រចាំខេត្ត​ព្រះសីហនុ មានការ​ភ្ញាក់ផ្អើល និង​មាន​ចម្ងល់​ទៅលើ ការពាក់​ឯកសណ្ឋាន​យោធា របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នាឱកាស លោក​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ទិវា​បុណ្យ​ឯករាជ​ជាតិ និង​ខួបកំណើត​កង​យោពល​ខេមរភូមិន្ទ ៩​វិច្ឆិកា ឆ្នាំ​១៩៥៣-២០១៧ ដែល​បាន​រៀបចំឡើង នៅ​ទីបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម កាលពី​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​នាឱកាស​នោះ លោក យន្ត មីន អភិបាល ខេត្ត​ព្រះសីហនុ បាន​ស្លៀក​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​កងយោធពល​ខេមរភូមិន្ទ មាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ចូលរួម​ជា​កិត្តិយស​ជាមួយ លោក​ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ខួបកំណើត​កងយោធពល​ខេមរភូមិន្ទ ៩​វិច្ឆិកា ឆ្នាំ​១៩៥៣-៩​វិច្ឆិកា ឆ្នាំ​២០១៧ នាទី​បញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ​។​

​ទាក់ទិន​ចម្ងល់​នេះ មន្ត្រី​បំរើកា​រងារ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្ត​ព្រះសីហនុ ដឹងថា លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា តម្លើង​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​(​ផ្កាយ​៣) នាពេល​កន្លងមក​ទៅ ប៉ុន្តែ​មិនបាន​បង្ហាញ​កាលបរិច្ឆេទ ឬ​ឯកសារ​ពាក់ព័ន្ធ​នោះទេ​។​
​យ៉ាងណា​ក៏ដោយចុះ ទាំង​សាធារណៈជន អ្នកកាសែត មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ បំរើ​ការងារ​នៅតាម​ស្ថាប័ន​មួយចំនួន នា​ខេត្ត​ព្រះសីហនុ រហូតមកដល់​ពេលនេះ បាន​បន្ត​លើកយក​ករណី នៃ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ពាក់​ផ្កាយ ៣ របស់ លោក យន្ត មីន មក​ជជែក​គ្នា នៅតាម​តុ​កាហ្វេ និង​តាម​បណ្តាញ​សង្គម​មួយចំនួន​អំពី​តួនាទី​បច្ចុប្បន្ន ដែល​រូបលោក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ពួកគេ មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​ត្រូវបាន​ព្រះមហាក្សត្រ បន្ត​តម្លើង​ឋានន្តរស័ក្តិ នៅក្នុង​ស្ថាប័ន​កង​យោពល​ខេមរភូមិន្ទ ដែល​លោក យន្ត មីន ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​ផ្ទេរ​ក្របខ័ណ្ឌ​នាយទាហាន នៃ​កង​យោពល​ខេមរភូមិន្ទ ជូន​លោក យន្ត មីន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ ឲ្យ​ទៅ​បំរើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ទៅហើយនោះ​៕ ដោយ​៖ សត្យា​